ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សហគមន៍ខ្មែរឥស្លាម នៅកម្ពុជា រីកចម្រើនជាងមុន នាពេលបច្ចុប្បន្ន ខណៈការរកស៊ី និងកម្រិតសិក្សាក៏ទូលំទូលាយ

១៨ ឧសភា ២០២២ | ព័ត៌មានជាតិ

 


ដោយសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ នៅតាមសហគមន៍ខ្មែរឥស្លាមនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈការយល់ដឹង កម្រិតសិក្សា និងការរកស៊ីរបស់ពួកគេមានការរីកចម្រើនជាងមុនឆ្ងាយ ដោយពួកគេមួយចំនួនមានវត្តមាននៅតាមស្ថាប័នធំៗជាច្រើន និងបានបញ្ជូនកូនៗរបស់គេឱ្យបានចូលរៀនគ្រប់ៗគ្នាផងដែរ។ 

 

ទន្ទឹមនឹងការរីកចម្រើននេះដែរ ការប្រកបរបររកស៊ី ការធ្វើជំនួញរបស់ពួកគេក៏បានការរីកចម្រើនខ្លាំងផងដែរ ខណៈអ្នកខ្លះមានជំនួញធំៗនៅក្នុងដៃជាច្រើន ដែលជំនួញទាំងនោះបានផ្តល់អត្ថប្រយោជន៍ដល់ខ្លួនគេផ្ទាល់ និងសហគមន៍របស់ពួកគេបន្ថែមទៀត។ 

 

កាលពីអតីតកាល សហគមន៍ខ្មែរឥស្លាម ត្រូវបានគេស្គាល់ថាជាសហគមន៍អ្នកនេសាទ ដោយភាគច្រើននៃបងប្អូនខ្មែរឥស្លាមគឺជាអ្នករស់នៅតាមជួរទន្លេ និងប្រកបរបរជាអ្នកនេសាទ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ពួកគេបានផ្លាស់ប្តូររបៀបរស់នៅ និងការរកស៊ី ដែលភាគច្រើនយើងសង្កេតឃើញថា ពួកគាត់មានមុខរបរមួយច្បាស់លាស់រៀងៗខ្លួននៅតាមទីផ្សារជាដើម។ 

 

 

ជាមួយគ្នានេះ លោក ម៉ាត់ ក្រីយ៉ា ពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំម្នាក់លើកឡើងថា បច្ចុប្បន្នសហគមន៍ខ្មែរឥស្លាមមានការអភិវឌ្ឍន៍ច្រើន ស្របពេលរាជរដ្ឋាភិបាលបើកទូលាយចំពោះការប្រណិប័តរបស់សាសនាទៅតាមការអភិវឌ្ឍន៍របស់ប្រទេសផងដែរ។  

 

 

 

ទន្ទឹមនឹងការអភិវឌ្ឍន៍បែបនេះ លោកក៏បានបន្ថែមថា វាបានផ្តល់ជាភាពងាយស្រួលដល់បងប្អូនខ្មែរឥស្លាមផ្ទាល់ មិនថាការប្រកបរបររកស៊ី ការបញ្ជូនកូនទៅសាលារៀន និងការធ្វើដំណើរជាដើម គឺមិនមានអ្នកណាម្នាក់រើសអើសសាសនានោះទេ ដោយប្រជាជនខ្មែរយើងស្រឡាញ់រាប់អានគ្នាទៅវិញទៅមក មិនថាសាសនាអ្វីក៏ដោយ។ 

 

 

ក្រៅពីនេះ ចំពោះការស្លៀកពាក់នៅកម្ពុជា ក៏ត្រូវបានបើកទូលាយទៅតាមសាសនានីមួយៗផងដែរ ជាក់ស្តែងបងប្អូនខ្មែរឥស្លាមត្រូវបានរាជរដ្ឋាភិបាលបើកទូលាយទាំងការស្លៀកពាក់ និងទទូរក្រម៉ានៅក្នុងសាលារៀន មិនថាសាលាឯកជន ឬរដ្ឋនោះទេ។ លើសពីនេះ ស្ត្រីឥស្លាមថែមទាំងមានសិទ្ធិទទូរក្រម៉ាពេលធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗផងដែរ ដែលនេះគឺជាការរីកចម្រើនមួយក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ និន សុខលី  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024