ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

“គ្រោះជីវិតកូវីដ-១៩” ភាពយន្តដែលអ្នករកស៊ីអចលនទ្រព្យ និងអ្នកលក់អនឡាញមិនគួរមើលរំលង!

១៧ ឧសភា ២០២២ | កម្សាន្ដ


“គ្រោះកូវីដ១៩” ភាពយន្តសម្រិតសម្រាំងប្រកបដោយគុណភាព បាននិយាយពីជីវិតពិតជួបប្រទះនិងឆ្លងកាត់ក្នុងកាលៈទេសៈនៃវិបត្តិជំងីកូវីដ១៩ ដែលអ្នករកស៊ីអចលនទ្រព្យ និងអ្នកលក់អនឡាញមិនគួរមើលរំលង។

 


“គ្រោះកូវីដ១៩” ដែលជាភាពយន្តសម្រិតសម្រាំងប្រកបដោយគុណភាព បាននិយាយពីជីវិតពិតជួបប្រទះនិងឆ្លងកាត់ក្នុងកាលៈទេសៈនៃវិបត្តិជំងីកូវីដ១៩បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីយប់មិញ ហើយភាពយន្តថ្មីសន្លាងនេះនឹងចាក់បញ្ចាំងផ្លូវការតាមរោងភាពយន្តនានានៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២នេះតទៅ។

 


ថ្លែងក្នុងពិធីដាក់សម្ពោធកាលពីយប់មិញ លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា ភាពយន្ត «គ្រោះជីវិតកូវីដ -១៩» ត្រូវបានឧទ្ទិសចំពោះការបាត់បង់ប្រជាពលរដ្ឋខ្មែរដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ។ នៅក្នុងនោះមាន ភរិយាតារាចម្រៀងជើងចាស់ល្បីឈ្មោះលោក ហួរ ឡាវី ក៏ត្រូវម្ដាយបង្កើតរបស់តារាចម្រៀងស្រី វី ឌីណែត និងម្ដាយតារាកំប្លែងស្រីពីន នៅពេលជំងឺនេះកំពុងវាយឡុកមកក្នុងប្រទេសកម្ពុជា និងរាលដាលនៅក្នុងសហគមន៍។

 


លោកបន្តថា ក្រៅពីផ្ញើសាររម្លឹកពីស្ថានភាពដ៏លំបាកនៅក្នុងអំឡុងពេលកូវីដ១៩ហើយនោះ ជាមួយគ្នាដែរ ភាពយន្តមួយនេះ ក៏បានអប់រំចំពោះខាងវិស័យអនឡាញន៍ និងអចលៈទ្រព្យមួយចំនួនផងដែរ ខណៈរស់នៅក្នុងស្ថានភាពគ្រាលំបាកកូវីដ១៩ គេឃើញមានរូបភាពបោកប្រាស់ទំនុកចិត្តពីមហាជនជាច្រើនសណ្ឋានទៀត ដែលនាំឱ្យមនុស្សកាន់តែរស់នៅដោយ មិនមានភាពស្មោះត្រង់ រស់នៅកេងប្រវ័ញគ្នា ក្បត់គ្នា គ្រួសារមិនចុះសម្រុង ដោយសារតែចង់បានលុយជាធំ យកមកដោះស្រាយបំណុល។

 


លោកបន្តថា នៅថ្ងៃសម្ពោធភាពយន្តនេះ មានសិល្បករជាតារាចម្រៀងសំឡេងស្អក ហួរ ឡាវី ដែលអង្គុយនៅទីនេះ គឺជាសាក្សីរស់ ដែលបានជួបបញ្ហាដូចលើកឡើងខាងលើ នាអំឡុងកូវីដ១៩ កាលពី២ឆ្នាំមុន។ លោកបានរំពឹងថា មហាជននឹងគាំទ្រខ្សែរភាពយន្តចុងក្រោយរបស់លោកមួយនេះ ជាពិសេសគឺ មហាជនដែលបម្រើការងារក្នុវិស័យអនឡាញន៍ និងអចលៈទ្រព្យ បានចូលរួមទស្សនាហើយ នឹងទទួលបានគំនិតល្អៗជាច្រើន ក្នុងការអភិវឌ្ឍន៍ខ្លួន។

 


ងាកមកចាប់អារម្មណ៍ពីតារាចម្រៀងស្រី វី ឌីណែត បានប្រាប់ឱ្យPNN ដឹងថា កញ្ញានៅតែដក់ជាប់អារម្មណ៍ឈឺចាប់ចំពោះការបាត់បង់ម្ដាយដោយសារជំងឺកូវ១៩នេះនៅឡើយទេ។ ភាពយន្ត «គ្រោះជីវិតកូវីដ -១៩» ហាក់បីដូចជានិយាយពីជីវិតមួយផ្នែករបស់កញ្ញា។កញ្ញាបានអំពាវនាវដល់មហាជនអ្នកគាំទ្រទាំងអស់ នៅតែបន្តការពារខ្លួនពីជំងឺកូវីដ១៩ និងចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស តាមវិធានការរបស់ក្រសួងសុខាបាល។

 


ភាពយន្ត «គ្រោះជីវិតកូវីដ -១៩» មានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗដូចជា លោក ហ៊ុយ យ៉ាឡេង, កញ្ញា យ៉ែម ស្រីពេជ្រ, សឿន វីតា , លឹម សុធាវី , លឹម រដ្ឋា , គីម ស៊ីវឡាម, ចន ច័ន្ទតារា , បូនី ផេស៊ីកា និងតារាកិត្តិយសជាច្រើនរូបទៀត។ ភាពយន្តនេះនឹងដាក់បញ្ចាំងឱ្យទស្សនាចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២នេះតទៅ គ្រប់រោងភាពយន្ត៕


 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024