ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ប្រទេសជប៉ុន និងសហភាពអឺរ៉ុបបារម្ភពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលអាចមានឥទ្ធិពលអាក្រក់ទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

រដ្ឋាភិបាលជប៉ុន និងសហភាពអឺរ៉ុបបានឯកភាពគ្នាថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី ស្របពេលដែលថ្នាក់ដឹកនាំនៃភាគីទាំង២កំពុងបារម្ភថាសង្គ្រាមនៅអ៊ុយក្រែនអាចនឹងជះឥទ្ធិពលអាក្រក់ទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅតំបន់នេះ ភាគីទាំង២ ជប៉ុន និងអឺរ៉ុប កំពុងពង្រឹងភាពជាដៃគូដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន។

 

 

 

 

នាយករដ្ឋមន្ត្រីជប៉ុន លោកគីស៊ីដា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាមួយប្រធានគណៈកម្មការអឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ថ្លែងថារដ្ឋាភិបាលរបស់លោកគាំទ្រការដាក់ទណ្ឌកម្មឲ្យបានធ្ងន់ធ្ងរទៅលើប្រទេសរុស្ស៊ី, ហើយគាំទ្រការផ្ដល់ជំនួយទៅឲ្យប្រទេសអ៊ុយក្រែន។

 

លោកយល់ថាសង្គ្រាមនេះធ្វើឲ្យរង្គោះរង្គើទៅដល់សណ្ដាប់ធ្នាប់ពិភពលោក និងប៉ះពាល់មិនត្រឹមតែទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែរាលដាលមកដល់ទ្វីបអាស៊ីថែមទៀត។ លោកគីស៊ីដាយល់ថាបញ្ហាសន្តិសុខជាតិនៅអឺរ៉ុប និងនៅឥណ្ឌូ-ប៉ាស៊ីហ្វិកជារឿងតែមួយ មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ។

 

អ្នកតំណាងសហភាពអឺរ៉ុបទាំង២រូបថ្លែងថាពួកគេចង់ដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់នេះ ហើយឯកភាពលើការពង្រឹងកិច្ចសហការនៅក្នុងវិស័យ១ចំនួនរួមទាំងឌីជីថល ថាមពលកកើតឡើងវិញ និងបញ្ហាអាកាសធាតុ។ ពួកគេទទួលស្គាល់ថាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកំពុងរីកចម្រើនខ្លាំង ប៉ុន្តែក៏កំពុងប្រឈមនឹងភាពតានតឹងផងដែរ។

 

ជាក់ស្ដែង បញ្ហាធំៗមានដូចជាបញ្ហានៅសមុទ្រចិនខាងកើត, សមុទ្រចិនខាងត្បូង និងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ អឺរ៉ុបចង់មានចំណែកទទួលខុសត្រូវកាន់តែធំទូលាយនៅក្នុងតំបន់នេះដែលជាទីតាំងសំខាន់នៃវិបុលភាពរបស់យើង។

 

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រីលេយេន(Leyen)យល់ថាការធ្វើសង្គ្រាមព្រៃផ្សៃរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនធ្វើឲ្យគេខ្វាយខ្វល់យ៉ាងខ្លាំងចំពោះឥទ្ធិពល និងមហិច្ឆតារបស់ប្រទេសចិន៕

 

 

 

ប្រែសម្រួល៖អន សំអាង

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024