ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥

វិស័យអាកាសចរ និងវិស័យដឹកជញ្ជូនផ្លូវអាកាស នៅខែមេសា បង្ហាញពីកំណើនដូចគ្នា

១២ ឧសភា ២០២២ | សេដ្ឋកិច្ច

 

អ្នកជំនាញនៅក្នុងវិស័យអាកាសចរណ៍កម្ពុជា បានឲ្យដឹងថា វិស័យអាកាសចរណ៍កម្ពុជា ផ្តើមមានសញ្ញាល្អឡើងវិញ ដោយចំនួនភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសកើនជាង ៥០០ភាគរយ ខណៈការដឹកជញ្ជូនទំនិញក៏បានកើនឡើង ៣៤ភាគរយដែរ។

 


ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានគូសបញ្ជាក់ប្រាប់ភីអិនអិនថា វិស័យអាកាសចរកម្ពុជាផ្តើមមានភាពមមាញឹកជាងឆ្នាំមុនពោលគឺទាំងសកម្មភាពដឹកអ្នកដំណើរ និងការដឹកជញ្ជូនទំនិញបានបង្ហាញពីតួលេខកើនឡើងដូចៗគ្នា។

 


ឯកឧត្តមបញ្ជក់ថា នៅខែមេសា ឆ្នាំ២០២២នេះ អ្នកដំណើរចេញចូលប្រទេសកម្ពុជា តាមផ្លូវអាកាស តាមរយៈអាកាសយានដ្ឋានទាំងបី មានចំនួនជាង១២ម៉ឺននាក់ កើនឡើងជាង៥០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១នេះ ខណៈការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក៏បានកើនឡើងជាង ៣៤ភាគរយដែរ។

 


ឯកឧត្តមបានបន្ថែមឲ្យដឹងទៀតថា ផ្លូវហោះហើរដែលមានកំណើនខ្ពស់ នៅក្នុងខែមេសានេះ គឺភ្នំពេញ-បាងកក ដែលក្នុងមួយសប្តាហ៍កើនឡើងដល់២៥ជើង និង ភ្នំពេញ-សិង្ហបុរី កើនឡើងដល់១៩ជើងក្នុងមួយសប្តាហ៍ ដែលស្មើនឹង៨០%នៃឆ្នាំ២០១៩។ សរុបជើងហោះហើររបស់អាកាសយានដ្ឋានទាំងបី មានជាង២៥០ជើងក្នុងមួយសប្តាហ៍។

 


ជាមួយគ្នានេះ លោក ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាបានគូសបញ្ជាក់ផងដែរថា ការដឹកជញ្ជូនតាមផ្លូវអាកាសផ្តើមបានសញ្ញាល្អឡើងវិញច្រើន បើបីពេលនេះស្ថិតនៅក្នុងកំណើនយឺតក៏ដោយចុះ តែវាបានផ្តល់ក្តីសង្ឃឹមកាន់តែច្រើនសម្រាប់វិស័យដឹកជញ្ជូននៅកម្ពុជា ស្របទៅនឹងកំណើនភ្ញៀវកំពុងតែកើនឡើងផងនោះ។

 


លោកឧកញ៉ា បន្ថែមថា ការកើនឡើងយ៉ាងគំហុកនៃអ្នកដំណើរតាមផ្លូវអាកាស ក៏ដូចជាការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនេះ គឺជាការបង្ហាញនូវសញ្ញាណកាន់តែល្អនៃការវិវត្តរបស់វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូននៅកម្ពុជា ដែលសង្ឃឹមថាអាចនឹងវិលទៅរកប្រក្រតីភាពឡើងវិញបានឆាប់៕
 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025