ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វិស័យសំខាន់ៗចំនួន ៤ នឹងបន្តជួយគាំទ្រការស្តារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ១៩

១២ ឧសភា ២០២២ | សេដ្ឋកិច្ច

 


 

មន្ត្រីជាន់ខ្ពស់ធនាគារនៃកម្ពុជា បានលើកឡើងថា បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងខ្លាំងអស់រយៈពេល ២ឆ្នាំជាប់គ្នា ដោយសារជំងឺរាតត្បាតកូវីដ១៩នោះ សម្រាប់ឆ្នាំ ២០២២នេះ កម្ពុជា រំពឹងថា នឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងអត្រា ៥,៣% ដែលមានការគាំទ្រដោយវិស័យចំនួន៤ រួមមាន វិស័យកម្មន្តសាល វិស័យសំណង់ វិស័យកសិកម្ម និងវិស័យទេសចរណ៍។

 


ក្នុងជំនួបប្រជុំរវាង ធនាគារជាតិនៃកម្ពុជា ជាមួយក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ  IMF ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា “វិស័យធំៗទាំងនេះ នឹងធ្វើឱ្យកម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដោយនៅឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងអត្រា ៥,៣% ដែលគាំទ្រដោយកំណើនក្នុងវិស័យ កម្មន្តសាល (៩,៦%)  វិស័យសំណង់ (១,២%) វិស័យកសិកម្ម (១,២%) និងវិស័យទេសចរណ៍ដែលត្រូវបានរំពឹងថានឹងមានកំណើនវិជ្ជមាន (៦%) បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងខ្លាំងកាលពី២ឆ្នាំមុន”។

 


ឯកឧត្តមបន្តថា ៖ អតិផរណារំពឹងថានឹងកើនឡើង ៤% ដោយសារកំណើនថ្លៃនៃម្ហូបអាហារ ប្រេងឥន្ធនៈ (ឥទ្ធិពលពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន) និងថ្លៃដឹកជញ្ជូន ស្របពេលដែលមានការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក។ ដោយឡែក ប្រព័ន្ធធនាគារនៅកម្ពុជាបន្តមានស្ថិរភាព និងរក្សាបាននូវភាពធន់ ព្រមទាំងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ឥណទានគ្រឹះស្ថានធនាគារមានកំណើន ២២,១% ដោយបានបែងចែកទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ច។ 

 


គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលកន្លងមក ធនាគារជាតិនៃកម្ពុជា បានទទួលជំនួយបច្ចេកទេសលើការត្រួតពិនិត្យប្រព័ន្ធធនាគារ ស្ថិរភាពហិរញ្ញវត្ថុ និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយគ្នានោះដែរ កម្ពុជាក៏បានស្នើសុំជំនួយបច្ចេកទេសពី IMF ជាបន្ត ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រីជំនាញ និងជួយតាមដានលើវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សេដ្ឋកិច្ចកម្ពុជា ដើម្បីរួមចំណែកបន្តជំរុញកំណើនប្រកបដោយចីរភាពនិងបរិយាបន្ន៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024