ថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២

វិនិយោគិនអាមេរិកបង្ហាញបំណងពង្រីកសក្តានុពលវិនិយោគនាំចូលផលិតផលពីកម្ពុជាបន្ថែម

១១ ឧសភា ២០២២ | សេដ្ឋកិច្ច

វិនិយោគទុនអាមេរិកបង្ហាញពីបំណងពង្រីកសក្តានុពលវិនិយោគនាំចូលបន្ថែមនូវផលិតគ្រឿងសង្ហារឹម ម្ហូបអាហារ ផ្លែឈើ និងគ្រឿងអេឡិចត្រូនិកពីកម្ពុជា។


ក្នុងឱកាសចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ស្តីពីការស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមនាពេលខាងមុខ។

 


លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart បានគូសបញ្ជាក់ប្រាប់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាថា ក្នុងពេលខាងមុខនេះ ក្រុមហ៊ុនលោកស្រីគឺមានចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ដូចជា គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម។

 


លោកស្រីបញ្ជាក់ទៀតថា ពួកយើងមានបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ការពង្រឹងភាពជាដៃគូក្នុងសកម្មភាពធុរកិច្ចនិងវិនិយោគ ដែលនឹងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្រ្តី ការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

 


ជាការឆើ្លយតប ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុន Walmart ពិនិត្យលទ្ធភាពក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀតនៅកម្ពុជា និងក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្មក្នុងការសហការ និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ។

 


បើតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក សម្រេចបានជាង ៧ពាន់ ៨រយលានដុល្លារអាមេរិក កើនឡើង ៤២% បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០។ 


និងបើផ្អែកតាមការិយាល័យជំរឿនសហរដ្ឋអាមេរិកនៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មលើមុខទំនិញទ្វេភាគីរវាងប្រទេសទាំង ២ សម្រេចបានជាង ២ពាន់ ៩រយលានដុល្លារអាមេរិក ដោយ កម្ពុជា នាំចូលតែប្រមាណ ១០៩លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្វើឲ្យកម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ២ពាន់ ៧រយលានដុល្លារអាមេរិក៕
 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.