ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុន Aeon Mall គ្រោងវិនិយោគសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងប្រទេសវៀតណាម

១១ ឧសភា ២០២២ | សេដ្ឋកិច្ច

ក្រុមហ៊ុន Aeon Mall នៅប្រទេសវៀតណាម គ្រោងនឹងសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងរបស់ខ្លួនគឺ Aeon Mall ហឿ ដែលមានទំហំសរុបជាង ៨ម៉ឺនម៉ែត្រការ៉េ ជាមួយនឹងការវិនិយោគចំនួន ១៧០លានដុល្លារអាមេរិក នៅក្នុងតំបន់ទីក្រុងថ្មី អាន វ៉ាន់ឌឿង របស់ខេត្ត ធូ ធៀន ហឿ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 


ប្រភពដដែលបានលើកឡើងថា ផែនការនេះ ត្រូវបានទទួលយកដោយ អាជ្ញាធរមូលដ្ឋានខេត្ត ធូ ធៀន ហឿ កាលពីដើមខែឧសភា ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៣ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសវៀតណាម និងប្រទេសជប៉ុន។


អាជ្ញាធរមូលដ្ឋានខេត្ត និងក្រុមហ៊ុន អ៊ីអនម៉លវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើការអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម ដើម្បីជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគពីប្រទេសជប៉ុនដល់ ទីក្រុង ហឿ។


កាលពីខែមេសាកន្លងទៅ ក្នុងជំនួបជាមួយអគ្គកុងស៊ុលជប៉ុន ភាគីវៀតណាម តំណាងដោយថ្នាក់ដឹកនាំខេត្ត បានអំពាវនាវឱ្យមានការវិនិយោគពី ប្រទេសជប៉ុន មកកាន់មូលដ្ឋានខេត្តក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។


ជាមួយគ្នានេះ សភាពាណិជ្ជកម្មអាមេរិក និង ខេត្ត ធូ ធៀន ហឿ ក៏បានព្រមព្រៀងគ្នា ក្នុងការជំរុញទំនាក់ទំនងរវាងធុរកិច្ចមកពី សហរដ្ឋអាមេរិក និងខេត្ត ដើម្បីលើកកម្ពស់ ទីក្រុង ហឿ ជាតំបន់កំណើនសេដ្ឋកិច្ចបៃតងនាពេលអនាគត។


សូមជម្រាបថា ទីក្រុង ហឿ ក៏ដូចជាទីក្រុង ដាណាង គឺជា មជ្ឈមណ្ឌលទេសចរណ៍ពីរ នៅភាគកណ្តាលវៀតណាម ដែលជាគោលដៅជាទីពេញចិត្តរបស់ អ្នកវិនិយោគ មកពីបណ្តាប្រទេសអឺរ៉ុប ជប៉ុន សហរដ្ឋអាមេរិក ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ភស្តុភារ ការថែទាំសុខភាព និងកសិកម្មជឿនលឿន ខណៈតំបន់ទាំង ២នេះ ស្ថិតនៅលើផ្លូវជាតិ មានប្រព័ន្ធផ្លូវដែក កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងតំបន់ធំៗសម្រាប់ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024