ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រើនរំឭកថា កុំឱ្យចិត្តសប្បុរស ក្លាយជាការកេងប្រវ័ញ្ច

១១ ឧសភា ២០២២ | ព័ត៌មានជាតិ

 


មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ជាអ្នកទទួលបន្ទុកវិស័យសុខុមាលភាពសង្គមផង បានក្រើនរំឭកដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសថា ប្រសិនបើចង់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ គប្បីទំនាក់ទំនងជាមួយអាជ្ញាមូលដ្ឋាន ឬទំនាក់ទំនងទៅនាយកដ្ឋាន ក៏បាន ដើម្បីកុំឱ្យជនឱកាសនិយម កេងប្រវ័ញ្ចលើជនរងគ្រោះ និងងាយរងគ្រោះ ព្រោះកន្លងមក មានករណីបែបនេះ ច្រើនមកហើយ។

 


លោកអ្នកដែលមានចិត្តសប្បុរស មានចិត្តចង់ជួយជនរងគ្រោះ និងងាយរងគ្រោះ ឬ ជនដែលកំពុងត្រូវការជំនួយ គឺជាអ្នកដែលគួរឱ្យគោរពសរសើរ ។ ប៉ុន្តែអ្វីដែលសំខាន់គួរយកចិត្តទុកដាក់ដែរនោះ គឺមិនគប្បីជួយជនរងគ្រោះដោយគ្មានប្រភពច្បាស់លាស់ ដូចជាដោយគ្រាន់តែឃើញគេប្រកាសរកជំនួយ តាមរយៈការថតបង្ហោះរូបភាពគួរឱ្យអាណិត នៃ ជនរងគ្រោះជាដើមឡើយ ព្រោះការធ្វើបែបនោះ មានករណីច្រើនណាស់មកហើយ ដែលជនងរគ្រោះ និងងាយរងគ្រោះនោះ មិនគ្រាន់តែមិនទទួលបានជំនួយពីលោកអ្នកសប្បុរសទាំងនោះប៉ុណ្ណោះទេ ជនរងគ្រោះទាំងនោះ ថែមទាំងក្លាយជាជនដែលត្រូវគេកេងប្រវ័ញ្ច ពោលគឺជំនួយទាំងនោះ មិនបានដល់ជនដែលត្រូវការនោះឡើយ ។ នេះគឺជាការក្រើនរំឭករបស់ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម ។

 


ក្នុងន័យនេះឯកឧត្តម ឈួរ សុបញ្ញា បានបញ្ជាក់ថា ដើម្បី ឱ្យប្រាកដថា ជំនួយរបស់លោកអ្នកសប្បុរសទាំងឡាយ ពិតជាបានទៅដល់ដៃជនរងគ្រោះ និងងាយរងគ្រោះ ហើយជនរងគ្រោះ និងងាយរងគ្រោះទាំងនោះមិនត្រូវបានកេងប្រវ័ញ្ចនោះ លោកអ្នកស្បុរស មានជម្រើស៣ គឺទី១. ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន នៃ ជនរងគ្រោះ ឬ ងាយរងគ្រោះនោះ , ទី២. អាចទាក់ទងទៅនាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច ក៏បាន និងទី៣ . ទាក់ទងទៅមូលនិធិជាតិជំនួយសង្គម ក៏បាន នោះ ជំនួយរបស់លោកអ្នកសប្បុរស ធានាថានឹងបានទៅដល់ដៃជនងរងគ្រោះ និងងាយរងគ្រោះយ៉ាងពិតប្រាកដ ហើយក៏ប្រាកដថាជនរងគ្រោះ និងងាយរងគ្រោះទាំងនោះ មិនក្លាយជាជនដែលត្រូវគេកេងប្រវ័ញ្ចដោយសារតែជំនួយសប្បុរសធម៌របស់លោកអ្នកឡើយ ។

 


សូមជម្រាបជូនថាលោកអ្នកសប្បុរសដែលមានបំណងចង់ជួយដល់ជនរងគ្រោះ ឬ ងាយគ្រោះ អាចទាក់ទៅនាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច តាមរយៈទូរស័ព្ទ ២ ខ្សែ គឺ ០៩២ ២១៩ ៨៨៨ ឬ ០១៥ ២១៩ ៨៨៨ ។ សូមជម្រាបជូនម្តងទៀត ទូរស័ព្ទលេខ ០៩២ ២១៩ ៨៨៨ ឬ ០១៥ ២១៩ ៨៨៨ ៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត និងឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024