ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការនាំចេញចំណីអាហារថៃ រំពឺងកើនឡើង ៥% ក្នុងឆ្នាំ ២០២២នេះ

១០ ឧសភា ២០២២ | សេដ្ឋកិច្ច

 

 

លោក វិសិទ្ធ លឹមលូឆា ប្រធានកិត្តិយសនៃសមាគមអ្នកកែច្នៃចំណីអាហារថៃ បានលើកឡើងថា  សង្រ្គាមរវាង រុស្ស៊ី និងអ៊ុយក្រែន បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពី សន្តិសុខស្បៀងនៅក្នុងប្រទេសជាច្រើន ដែលនាំឱ្យអ្នកនាំចូល ពន្លឿនការដឹកជញ្ជូនស្បៀងអាហារ ដើម្បីជៀសវាងការខ្វះខាត។

 

លោក វិសិទ្ធ បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកនាំចេញអាហារដ៏ធំបំផុតមួយរបស់ពិភពលោក ប្រទេសថៃ ទទួលបានអត្ថប្រយោជន៍ពីសង្គ្រាម ដោយការនាំចេញអាហារ បានរកប្រាក់ចំណូលប្រមាណ ៩ពាន់ ៣រយលានដុល្លារអាមេរិក ក្នុងត្រីមាសទី ១។


ជាមួយគ្នានេះ ភាពទន់ខ្សោយរបស់ប្រាក់បាត គឺជាកត្តាជំរុញដ៏សំខាន់មួយទៀត នៃការនាំចេញស្បៀងអាហារ នៅក្នុងត្រីមាសទី ១។ក្នុងចំណោមចំណីអាហារសរុប ផលិតផលម្ហូបអាហារឧស្សាហកម្មសរុបមាន ៥ពាន់ ៤រយលានដុល្លារអាមេរិក កើនឡើង ៤០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈផលិតផលអាហារកសិកម្មមានចំនួន ៤ពាន់លានដុល្លារអាមេរិក កើនឡើង ១០%។


ផលិតផលចំណីអាហារកំពូលៗ សម្រាប់កំណើននៃការនាំចេញ រួមមាន ខ្លាញ់ ស្ករ គ្រាប់ធញ្ញជាតិ ពោត សាច់ អង្ករ ត្រី និងគ្រឿងទេសអាហារជាដើម។
ទីផ្សារនាំចូលអាហារថៃកំពូលទាំង ១០ មាន អាស៊ាន ចិន ជប៉ុន អាមេរិក កូរ៉េខាងត្បូង អូស្ត្រាលី អង់គ្លេស ឥណ្ឌា ហូឡង់ និងតៃវ៉ាន់។

 


យ៉ាងណាមិញ ការនាំចេញផលិតផលម្ហូបអាហារភាគច្រើន បានកើនឡើងនៅក្នុងត្រីមាសទី ១ លើកលែងតែផ្លែឈើស្រស់ និងកក ដំណាប់ផ្លែឈើ ដែលធ្លាក់ចុះ ១៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារគោលនយោបាយសូន្យកូវីដ១៩ របស់ប្រទេសចិន បានបណ្តាលឱ្យមានការបិទច្រកព្រំដែនសំខាន់ៗជាច្រើន។

 


សូមបញ្ជាក់ជាថ្មីថា ការព្យាករណ៍ពីកំណើនការនាំចេញស្បៀងអាហាររបស់ថៃ ៥% នៅឆ្នាំ ២០២២នេះ គឺមានទំហំដល់ ៣២ពាន់លានដុល្លារអាមេរិក ដោយកំណើននេះ នឹងត្រូវបានជំរុញដោយការងើបឡើងវិញនៃសេដ្ឋកិច្ចបន្តិចម្តងៗ និងការកើនឡើងសកម្មភាពសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្ម៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024