ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តម្លៃនាំចេញអង្កររបស់វៀតណាម ធ្លាក់ចុះនៅក្នុងត្រីមាសទី១

១០ ឧសភា ២០២២ | សេដ្ឋកិច្ច


តម្លៃនាំចេញអង្ករជាមធ្យមរបស់ប្រទេសវៀតណាម បានធ្លាក់ចុះ ១០% នៅក្នុងត្រីមាសទី ១ ដែលនាំឱ្យប្រាក់ចំណូលពីការនាំចេញអង្កររបស់វៀតណាម ធ្លាក់ចុះ ៦%។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ២លានតោន ក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក កើនឡើង ៤% ក្នុងទំហំបរិមាណ ប៉ុន្តែតម្លៃបានធ្លាក់ចុះមកនៅត្រឹម ៣៨៦ដុល្លារអាមេរិកក្នុងមួយតោន ដោយសារការផ្គត់ផ្គង់ច្រើនលើសតម្រូវការទីផ្សារ។


នៅលើទីផ្សារពិភពលោក តម្លៃអង្ករ ក៏បានធ្លាក់ចុះតិចតួចផងដែរ នៅក្នុងខែឧសភា ដោយអង្ករបាក់ ៥% របស់ថៃ គឺធ្លាក់ចុះប្រមាណ ៥ដុល្លារអាមេរិក ក្នុងមួយតោន មកនៅត្រឹម ៤១០ ទៅ ៤១២ដុល្លារអាមេរិក ក្នុងមួយតោន ហើយការនាំចេញរបស់ឥណ្ឌា បានធ្លាក់ចុះប្រមាណ ១០ដុល្លារអាមេរិក មកនៅត្រឹម ៣៦១ ដល់ ៣៦៥ដុល្លារអាមេរិកក្នុងមួយតោន។


ទីផ្សារកំពូលរបស់វៀតណាមនៅក្នុងត្រីមាសទី ១ គឺប្រទេសហ្វីលីពីន ដែលការនាំចូលអង្ករពីវៀតណាម បានកើនឡើង ៦៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺសម្រេចបានបរិមាណ ៦៧ម៉ឺនតោន។ ទោះយ៉ាងណាក៏ដោយ តម្លៃអង្ករក្នុងស្រុកវៀតណាម នៅតែមិនផ្លាស់ប្តូរនៅក្នុងខែឧសភា។

 


គួរបញ្ជាក់ថា ប្រទេសវៀតណាម បាននាំចេញអង្ករចំនួន ៦លាន ១សែនតោនកាលពីឆ្នាំ ២០២១ ដែលជាប់លំដាប់លេខ ២ នៅទូទាំងពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា ហើយវៀតណាម គ្រោងនឹងធ្វើឱ្យតួលេខនេះធ្លាក់ចុះដល់ ៤លានតោននៅឆ្នាំ ២០៣០ ដោយផ្តោតលើគុណភាព និងតម្លៃខ្ពស់វិញ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024