ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

TURING HACKATHON រកឃើញជ័យលាភី ៥ ក្រុម សម្រាប់រដូវកាលទី២ របស់ខ្លួន

១០ ឧសភា ២០២២ | ព័ត៌មានជាតិ


បន្ទាប់ពីបានឆ្លងកាត់ការសម្រិតសម្រាំង និងប្រកួតប្រជែងជាច្រើនវគ្គមក កាលពីល្ងាចថ្ងៃអាទិត្យ ទី៨ ខែឧសភា យុវជនជ័យលាភីចំនួន ៥ ក្រុម របស់កម្មវិធី TURING HACKATHON ដែលជាកម្មវិធីប្រកួតប្រជែងគម្រោងធុរកិច្ចរបស់យុវជន រដូវកាលទី ២ ត្រូវបានរកឃើញហើយ ដោយសារគម្រោងរបស់ពួកគេ គឺជាគម្រោង ដែលអាចអនុវត្តជាក់ស្តែងមានប្រសិទ្ធភាព ពោលគឺមិនមែនគ្រាន់តែជាទ្រឹស្តីទេ ។


ជ័យលាភីលេខ ១ បានលើក្រុមយុវជនដែលមានឈ្មោះជាអក្សរកាត់ថា TCI , ជ័យលេខ ២ បានទៅលើក្រុមយុវជនដែលមានឈ្មោះថា HapiMadi , ជ័យលាភីលេខ ៣ បានទៅលើក្រុមយុវជនដែលមានឈ្មោះថា JIT, ជ័យលាភីលេខ ៤ បានទៅលើក្រុមយុវជនដែលមានឈ្មោះថា Be My Guide ចំណែកជ័យលាភ័យលេខ ៥ បានទៅលើក្រុមយុវជនដែលមានឈ្មោះថា Polymer ។ 

 


លោក ស៊ាន ធនិន តំណាងគណៈកម្មការសម្រេចពិន្ទុបានឱ្យដឹងថា ការដាក់ពិន្ទុទៅលើក្រុមនីមួយៗ ត្រូវឈរលើគោលការណ៍ ៥ យ៉ាង ហើយគម្រោងរបស់ពួកគេត្រូវតែជាគម្រោងដែលអាចអនុវត្តមានប្រសិទ្ធភាពជាក់ស្តែង ពោលគឺមិនមែនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ ខណៈគម្រោងខ្លះ បាន និង កំពុងអនុវត្តនៅក្នុងទីផ្សារជាក់ស្តែងរួចទៅហើយ ។

 


លោក សុខា ផានិត តំណាងកម្មវិធី TURING HACKATHON នៃ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចតេជោ ដែលជាស្ថាប័នក្រោមអាណាព្យាបាលភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងអំពីគោលបំណងសំខាន់ៗចំនួន ២ នៃ ការរៀបចំឱ្យមានការប្រកួតប្រជែងនេះ ។

 


សូមជម្រាបថា សម្រាប់រដូវកាលទី ២ នេះ កម្មវិធី TURING HACKATHON ទទួលបានអ្នកដាក់ពាក្យចូលរួមប្រកួតប្រជែងចំនួន ៦២ ដោយមានបេក្ខជនចំនួន ១៥១ នាក់ ។ ប៉ុន្តែគណៈកម្មការបានសម្រិតសម្រាំងមកនៅត្រឹមតែ ១៥ ក្រុម ដែលមានបេក្ខជនសរុប ១៧ នាក់ប៉ុណ្ណោះ ហើយទីបំផុត វគ្គផ្តាច់ព្រ័ត្យបានប្រព្រឹត្តទៅពេញមួយរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ម្សិលម៉ិញនេះ ទើបជ្រើសរើសបានជ័យលាភីទាំង ៥ ក្រុម ដូចដែលបានជម្រាបជូនខាងដើមនេះស្រាប់ ៕
 

 

អត្ថបទ៖ ខឿន សាឃាង    រូបភាព៖ ឆិល សុភ័ស្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024