ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

៣ខែដើមឆ្នាំ២០២២ កម្ពុជាសម្រេចការនាំចេញទៅជប៉ុនកើនឡើងតិចតួច

០៩ ឧសភា ២០២២ | សេដ្ឋកិច្ច

 

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២២កម្ពុជាសម្រេចការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបជា៤៩១លានដុល្លារ គឺមានការកើនឡើងតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។


របាយការណ៍ JETRO បញ្ជាក់ថា ក្នុងចំណោមប្រទេសអាស៊ានដែលបាននាំទំនិញទៅកាន់ប្រទេសជប៉ុនគឺកម្ពុជាស្ថិតនៅក្នុងចំណាត់ខ្ពស់លេខរៀងលំដាប់ទី៨ ពោលគឺខ្លាំងជាង ប្រទេសឡាវដែលការនាំចេញទៅជប៉ុនបានជាង៤៤លានដុល្លារ និងមីយ៉ានម៉ាសម្រេចការនំាចេញបានជាង ៣០០លានដុល្លារ។ 

 


ទាក់ទងនឹងការធ្វើពាណិជ្ជកម្មជាមួយជប៉ុននេះដែរ លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ ១៩ និងការកើនឡើងថ្លៃដឹកជញ្ជូននៅតែជាបញ្ហាដែលរារាំងដល់ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុននៅដើមឆ្នាំនេះដូច្នេះ។

 


លោក ឧកញ៉ា លឹម ហេង បានឲ្យដឹងទៀតថា ការធ្វើពាណិជ្ជកម្មជាមួយជប៉ុនកន្លងមកមានភាពរលូនជាមួយគ្នាដោយភាគច្រើនការនាំចេញរបស់កម្ពុជាទៅជប៉ុនមានការកើនជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ប៉ុន្តែបញ្ហាដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅជប៉ុននៅដើមឆ្នាំនេះមានកំណើនតិចនេះគឺដោយសារតែបញ្ហាជំងឺកូវីដ ១៩តែប៉ុណ្ណោះ ដែលមិនត្រឹមតែកម្ពុជាទេដែលរងផលប៉ះពាល់ទូទាំងសកលលោកក៏រងផលប៉ះពាល់ដូចគ្នា។

 


សូមជម្រាបថា គិតមកដល់ត្រឹមបំណាច់ខែមិនាឆ្នាំ២០២២ ជប៉ុនបាននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង១៣៥លានដុល្លារ ថយចុះជាង៥ ភាគរយ។ ហើយក្នុងនោះផងដែរផលិតផលសំខាន់ៗដែលកម្ពុជាបាននំាចេញទៅជប៉ុនមានដូចជាស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំម៉ាស៊ីនអគ្គិសនី ចំណែកឯកម្ពុជាមានតម្រូវការនាំចូលពីជប៉ុនវិញគឺផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្ររថយន្ត គ្រឿងអេឡិចទ្រូនិច គ្រឿងចក្រសម្រាប់វិស័យកសិកម្ម និងគ្រឿងបរិក្ខាសម្រាប់លំនៅដ្ឋានជាដើម៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024