ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក សម្រេចបាន ៧,៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១

០៦ ឧសភា ២០២២ | សេដ្ឋកិច្ច


ប្រភពដដែលបានបង្ហាញថា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បាន ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាមេរិក។ 

 


នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានវាយតំលៃខ្ពស់លើ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ  ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ទំហំពាណិជ្ជកម្មទ្វេភាគី នៅតែមានកំណើនខ្ពស់ដល់ទៅ ៤២% នៅក្នុងឆ្នាំ ២០២១។ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានបញ្ជាក់ថា ប្រទេសកម្ពុជា មានអត្រាអ្នកទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខ្ពស់បំផុតនៅក្នុងអាស៊ាន ពោលគឺប្រជាជន ៩៥% បានទទួលថ្នាំបង្ការ ដែលការគាំទ្រដ៏ធំធេងសម្រាប់ការស្តារសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។

 


យ៉ាងណាមិញ បើតាមក្នុងរបាយការណ៍ពី ការិយាល័យជំរឿនសហរដ្ឋអាមេរិក បានបង្ហាញថា នៅក្នុងឆ្នាំ ២០២១កន្លងទៅនេះ ទំហំពាណិជ្ជកម្មលើមុខទំនិញ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក សម្រេចបានជាង ៩ពាន់ ១រយលានដុល្លារអាមេរិក ដោយការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក សម្រេចបានជាង ៨ពាន់ ៧រយលានដុល្លារអាមេរិក ហើយភាគច្រើននៃទំនិញដែលកម្ពុជា នាំចេញទៅកាន់ អាមេរិក គឺជាប្រភេទផលិតផលវាយនភ័ណ្ឌ ស្បែកជើង កង់ ផលិតផលកសិកម្ម និងផលិតផលធ្វើដំណើរ។

 


ជាមួយគ្នានេះដែរ អាមេរិក ក៏បាននាំចេញទំនិញប្រមាណ ៤១៣លានដុល្លារអាមេរិក មកកាន់ កម្ពុជាផងដែរ ភាគច្រើនជា រថយន្ត ចំណីសត្វ គ្រឿងអេឡិចត្រូនិក និងគ្រឿងម៉ាស៊ីន។

 


បើតាម ការិយាល័យជំរឿនសហរដ្ឋអាមេរិក បានបង្ហាញទៀតថា នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មលើមុខទំនិញទ្វេភាគីរវាងប្រទេសទាំង ២ សម្រេចបានជាង ២ពាន់ ៩រយលានដុល្លារអាមេរិក ដោយ កម្ពុជា នាំចូលតែប្រមាណ ១០៩លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្វើឲ្យកម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ២ពាន់ ៧រយលានដុល្លារអាមេរិក។

 


ទាក់ទងនឹងការវិនិយោគវិញ បើតាមរបាយការណ៍ពី ធនាគារជាតិនៃកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ ២០២១ កម្ពុជា ទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេស សរុប ៤១ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគពីសហរដ្ឋអាមេរិក មានជាង ៩០០លានដុល្លារអាមេរិក ដែលស្មើនឹង ២% នៃទុនវិនិយោគសរុប៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024