ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ពិតជាមិននឹកស្មានដល់ផលិតករល្បីឈ្មោះរបស់កម្ពុជា ប៉ាន់ រិទ្ធី ឈ្នះពានរង្វាន់ពីកម្មវិធីមហោស្រពភាពយន្តក្រុងប៊ែរឡាំង

១៧ កុម្ភៈ ២០២២ | កម្សាន្ដ


ផលិតករសញ្ជាតិខ្មែរ-បារាំង លោក ប៉ាន់ រិទ្ធី និងក្រុមការងារ កាលពីថ្ងៃពុធ បានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់សម្រាប់ស្នាដៃសិល្បៈ ឬ Silver Bear Outstanding Artistic Contribution Best Film Award (សីលវើ ប៊ែរ អោតស្ដេនឌីង អាតធីសស្តីក ខនទ្រីប៊្យូសិន ប៊េស ហ្វីម អេវ៉ត) ពីមហោស្រពភាពយន្តប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ សម្រាប់ភាពយន្តថ្មីរបស់លោកមានចំណងជើងថា “Everything Will Be OK”។ 

 


ក្រោយទទួលបានពានរង្វាន់នេះ ប៉ាន់ រិទ្ធី បានលើកឡើងថា លោកពិតជារីករាយចំពោះក្រុមការងាររបស់លោក ហើយនេះគឺជាសមិទ្ធផលដ៏វិចិត្រ និងជាពានរង្វាន់ដ៏ស្រស់ស្អាត សម្រាប់គ្រប់គ្នាដែលបានចូលរួមចំណែកផលិតភាពយន្តនេះ វាពិតជាអស្ចារ្យណាស់។

 

 

ភាពយន្តរបស់ លោក ប៉ាន់ រិទ្ធីដែលបានចាក់បញ្ចាំង និងឈ្នះពាននៅមហោស្រពភាពយន្តទីក្រុងប៊ែរឡាំងនេះ គឺជាភាពយន្តបែបស្រមើស្រមៃអំពីពិភពលោកមួយដែលត្រូវបានកាន់កាប់អំណាចដោយសត្វ និងឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ធំៗជាច្រើនដែលកើតឡើងក្នុងពិភពលោក នារយៈពេល ២ឆ្នាំចុងក្រោយ។ 

 

 

ភាពយន្តដទៃទៀតដែលឈ្នះពានរង្វាន់ពីកម្មវិធីមហោស្រពភាពយន្តក្រុងប៊ែរឡាំងលើកទី៧២ មានដូចជាភាពយន្ត "Alcarras" (អាល់ការ៉ាស) របស់អ្នកដឹកនាំរឿងអេស្ប៉ាញឈ្នះពានរង្វាន់ធំ ខណៈដែលផលិតករបារាំង Claire Denis (ខ្លែរ ដេនីស) ជាមួយស្នាដៃភាពយន្ត "Both Side of the Blade" (បូស សាយ អហ្វ ដឺ ប្លេត) របស់ ឈ្នះពានរង្វាន់អ្នកដឹកនាំរឿងល្អដាច់គេ។

 

 

គួរបញ្ជាក់ថាការប្រគល់ពានរង្វាន់នេះត្រូវបានសម្រេចដោយក្រុមគណៈកម្មការដែលមានសមាជិក៧នាក់ ហើយមហោស្រពភាពយន្តមួយនេះមានភាពយន្តជាង ២៥០ភាពយន្តត្រូវបានចាក់បញ្ចាំង និងមានភាពយន្តចំនួន១៨បានឈរឈ្មោះប្រកួតដណ្ដើមយកពានរង្វាន់ធំ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024