ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កងទ័ពមួកខៀវកម្ពុជា កើនដល់ចំនួន ១០នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩ នៅប្រទេសម៉ាលី

០៣ មិថុនា ២០២០ | ព័ត៌មានជាតិ

គិតមកដល់ថ្ងៃនេះ កងទ័ពមួកខៀវកម្ពុជាដែលបានឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលី កើនដល់១០នាក់ ខណៈដែលពិធីគោរពវិញ្ញាណក្ខន្ធសពនាយទាហានកងទ័ពមួកខៀវកម្ពុជាដែលពលីដោយសារការឆ្លងជំងឺកូវីដ១៩ គឺលោក ស សាវី នឹងធ្វើឡើងជាផ្លូវការនៅក្នុងប្រទេសម៉ាលី នៅថ្ងៃទី០៤ មិថុនានេះ។ នេះបើតាមការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ នៅក្រោយកិច្ចប្រជុំក្រុមការងារសាងសង់វិមានឈ្នះឈ្នះ ដើម្បីពិនិត្យវឌ្ឍនភាពកន្លងមក និង ពិភាក្សាលើការងារមួយចំនួន នៅថ្ងៃទី០៣ ខែមិថុនានេះ។

 


សម្តេចពិជ័យសេនា បន្ថែមថា កងទ័ពមួកខៀវកម្ពុជាដែលបានឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលី នេះ ក៏ត្រូវបានទទួលការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យកម្ពុជានិងក្រុមគ្រូទេព្យកំរិត២ប្រចាំតំបន់នៅទីនោះ។ ហើយក្នុងនាមប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ក៏បានទំនាក់ទំនងជាប់ ជាប្រចាំ តាមរយៈមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព ដោយធ្វើការក្រើនរំលឹកដល់កម្លាំងមួកខៀវកម្ពុជាទាំងអស់ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩នេះផងដែរ។ 



គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវចំនួន៥កងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះមាននារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ 

 


គិតមកដល់ករណីពលីដោយសារជំងឺកូវីដ១៩ម្នាក់ចុងក្រោយនេះ កម្ពុជាមានទាហានពលីដោយមូលហេតុផ្សេងៗក្នុងពេលបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិចំនួន ៨នាក់ហើយ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024