ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មាន ទស្សនកិច្ចស្ថានីយទូរទស្សន៍ ភីអិនអិន

០៣ មិថុនា ២០២០ | ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយប្រតិភូក្រសួង​ដែលរួមមានមន្ត្រីរដ្ឋបាល មន្ត្រីហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសសរុបជាង ២០នាក់ នៅថ្ងៃទី៣ ខែមិថុនានេះ បានអញ្ជើញទស្សនកិច្ចស្ថានីយទូរទស្សន៍ភីអិនអិន ដែលមានទីតាំងស្ថិតនៅភូមិ ព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។  វត្តមានរបស់​ឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូបានទទួល​ការស្វាគមន៍យ៉ាងកក់ក្តៅពី​សំណាក់ថ្នាក់ដឹកនាំនិង​បុគ្គលិកស្ថានីយទូរទសសន៍ ភីអិនអិន។

 

 

 


ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ គឺដើម្បីស្វែងយល់ដោយផ្ទាល់ពី​ដំណើការការងារ និងស្ថានីយផ្សាយបែប​ឌីជីថលដ៏ទំនើបៗ លំដាប់អន្តរជាតិ និងធំជាង គេបង្អស់នៅកម្ពុជា។

 

 

 

 

ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ ភីអិនអិន បាននាំគណៈប្រតិភូទស្សនាទីតាំងសំខាន់ៗ នៅក្នុងស្ថានីយមានដូចជា បន្ទប់បច្ចេកទេសបំពាក់ដោយឧបករណ៍ទំនើបៗចុងក្រោយ បន្ទប់កាត់តសម្លេង  បន្ទប់បញ្ចូលសម្លេង បន្ទប់ថតកម្មវិធី ស្ទីឌីយោ កន្លែងបញ្ចូលសំឡេងភាពយន្តបរទេស រថយន្តផ្សាយចល័ត រួមនិងទីតាំងសំខាន់ៗជាច្រើនទៀត។ តាមរយៈដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគណៈប្រតិភូបានបង្ហាញការចាប់យ៉ាងខ្លាំងចំពោះបច្ចេកវិជ្ជាទំនើបលំដាប់ស្តង់ដារអន្តរជាតិ និងទីតាំងដ៏ធំទូលាយរបស់ស្ថានីយ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់។

 

 

 

 

 

 


ស្ថានីយទូរទស្សន៍ភីអិនអិន គឺជាស្ថានីយ​លំដាប់អន្តរជាតិ និងធំជាងគេបង្អស់​នៅកម្ពុជា ដែលប្រមូលផ្តុំ​ដោយអ្នកដែលមាន​បទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យ​សោតទស្សន៍និង​វិស័យសារព័ត៌មាន។ ស្ថានីយទូរទស្សន៍មួយនេះ​ទោះបីជាទើបតែបង្កើតថ្មី ប៉ុន្តែ បានក្លាយជាប្រព័ន្ធផ្សព្វផ្សាយ​ឈានមុខគេមួយនៅកម្ពុជា​ដែលបានផ្តល់ជូនសាធារណៈជន​នូវព័ត៌មានប្រកប​ដោយ​វិជ្ជាជីវៈ និងការកម្សាន្តដ៏សម្បូរបែប។ ស្ថានីយទូរទស្សន៍ ភីអិនអិន បានក្លាយជាកន្លែងទទួលស្វាគមន៍ដំណើរទស្សនកិច្ចពីសំណាក់សិស្សនិស្សិត មន្ត្រីរាជការ ក្រុមហ៊ុនឯកជន រួមទាំងភ្ញៀវអន្តរជាតិ ជាបន្តបន្ទាប់។

 

 

 

 

 

 
គួរជម្រាបជូនថា ស្ថានីយទូរទស្សន៍ ភីអិនអិន បានចាប់ផ្តើមដំណើរ​ការផ្សាយរយៈពេល ៥ឆ្នាំមកហើយ នឹងកំពុងទទួលបាន​ប្រជាប្រិយភាពយ៉ាងខ្លាំងក្នុង​ចំណោមទូរទស្សនិកជន​។ ជាមួយនឹងបណ្តាញ​គ្របដណ្តប់ការផ្សាយធំ​ទូលាយរហូតដល់ ៩៥ភាគរយនៃផ្ទៃ​ប្រទេសកម្ពុជា ដែលមា​នគុណភាពរូបភាពច្បាស់ល្អ និងធ្វើការផ្សព្វផ្សាយ​តាមបច្ចេកទេស ស្តង់ដារដែល​មិនធ្លាប់មាន​ពីមុនមក ភីអិនអិន បានក្លាយជា​មោទនភាពមួយសម្រាប់​កម្ពុជាក្នុងវិស័យសោត​ទស្សន៍៕


អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ក្រុម​ការងារ​ ភីអិនអិន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024