ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ស្ថានីយបូមរំដោះទឹកចំនួន ១៤កន្លែង ធ្វើឲ្យរាជធានីភ្នំពេញ លែងមានការលិចលង់ ដូចបណ្តាឆ្នាំមុនៗ

០៣ មិថុនា ២០២០ | ព័ត៌មានជាតិ
មកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញ មានស្ថានីយបូមទឹកចំនួន ១៤កន្លែង ដើម្បីត្រៀមបូមរំដោះការលិចលង់ដោយ ជំនន់ទឹកភ្លៀង នៅរដូវវស្សាឆ្នាំនេះ។ អាជ្ញាធររាជធានី អះអាងថា ស្ថានីយបូមរំដោះទឹកទាំង ១៤កន្លែងនេះ នឹងធ្វើឲ្យរាជធានីភ្នំពេញ លែងមានការលិចលង់ដូចបណ្តាឆ្នាំមុនៗទៀតហើយ។
 

ជាច្រើនឆ្នាំកន្លងមកនេះ រាជធានីភ្នំពេញ តែងទទួលការរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង ដែលនៅតាមតំបន់មួយចំនួនមិនតិចជាងកន្លះថ្ងៃ ឬមួយថ្ងៃនោះទេ ទើបជំនន់ទឹកភ្លៀងបានស្រកចុះទៅវិញអស់។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេមើលឃើញថា ក្រោយពេលភ្លៀងធ្លាក់មិនបានកន្លះម៉ោងផង ទឹកភ្លៀងបានហូរធ្លាក់ទៅតាមលូ និងប្រឡាយវិញអស់។
 

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារធារណការរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីដោះស្រាយនូវបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញមិនត្រឹមតែធ្វើការស្ថាបនា ដាក់លូថ្មី ការស្ដារប្រព័ន្ធលូ តូច ធំប៉ុណ្ណោះទេ គឺបានបង្កើតឲ្យមានជាស្ថានីយបូមរំដោះទឹកថ្មីជាច្រើនកន្លែងផងដែរ។
 

បើតាមរបាយការណ៍ មកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញមានស្ថានីយបូមទឹកចំនួន ១៤កន្លែងហើយ ក្នុងនោះ រួមមាន ស្ថានីយបូមទឹកបឹងត្របែក, ស្ថានីយបឹងទំពុន, ស្ថានីយលូប្រាំ, ស្ថានីយបុរី១០០ខ្នង, ស្ថានីយទូលសំពៅ, ស្ថានីយកប់ស្រូវ, ស្ថានីយស្វាយប៉ាក, ស្ថានីយព្រះពន្លា, ស្ថានីយទួលគោកទី១, ទី២ និងស្ថានីយបូមទឹក ៤កន្លែងទៀតនៅមុខវាំង និងព្រះគន្លង់។

តាមរយៈការស្ថាបនាស្ថានីយបូមទឹក និងការស្ដារលូ ប្រឡាយរាប់ម៉ឺនគីឡូម៉ែត្រនាពេលកន្លងមក អាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា គឺបានធ្វើឲ្យរាជធានីភ្នំពេញលែងមានការលិចលង់ដូចបណ្តាលឆ្នាំមុនៗទៀត។
 

 

គួរជម្រាបដែរថា ពាក់ព័ន្ធនឹងស្ថានភាពអាកាសធាតុ ខណៈដែលដើមរដូវវស្សាបានចូលមកដល់ បានធ្វើឲ្យភ្លៀងចាប់ធ្លាក់រាយប៉ាយនៅរាជធានីភ្នំពេញ និងបណ្តាខេត្តស្ទើរទូទាំងប្រទេស។ នៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងថ្មីមួយឲ្យដឹងថា ខ្យល់មូសុងនីរតីមានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា ដែលស្ថានភាពបែបនេះ ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៣ ដល់ ៩ ខែមិថុនា៕

អត្ថបទ៖ អឿន ភារ៉ា  រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024