ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

កម្ពុជា-UN ចុះកិច្ចព្រមព្រៀងរួមគ្នា លើកម្មវិធីការងារសមរម្យ សម្រាប់យុវជន ដំណាក់កាលទី២

០៣ មិថុនា ២០២០ | ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានចុះកិច្ចព្រមព្រៀងរួមគ្នាជាមួយតំណាង ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ចំនួន ៤ គឺអង្គការ ILO, UNESCO, UNICEF និង UNIDO ដោយមានការគាំទ្រពីទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដើម្បីអនុវត្តកម្មវិធីការងារសមរម្យសម្រាប់យុវជន (DEY) ដំណាក់កាលទី២។ គម្រោងកម្មវិធី ដែលត្រូវចំណាយជាង ៨លានដុល្លារនេះ ដើម្បីបន្តលើកកម្ពស់ការងារសមរម្យរបស់យុវជន និងកាត់បន្ថយវិសមភាព នៅក្នុងប្រទេសកម្ពុជា។ 

 


ថវិកាសរុបសម្រាប់កម្មវិធីដំណាក់កាលទី២នេះ មានចំនួន ៨.៤៨ លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ចំនួន ៤ លាន ដុល្លារ ជាថវិកាផ្តល់ដោយទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងចំនួន ៤.៤៨ លាន ដុល្លារទៀត ជាថវិកាដែលបានមកពី មូលនិធិស្នូលរបស់ទីភ្នាក់ងារ ដែលចូលរួមនៅក្នុង កម្មវិធីនេះ ពីអ្នកផ្តល់ជំនួយ ដទៃទៀតពីវិស័យឯកជន ពីរាជរដ្ឋាភិបាលកម្ពុជា។ 


គម្រោងនេះ មានរយៈពេល ៤ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយនឹងផ្តល់ឱ្យ យុវជនបានបោះបង់ការសិក្សា និងងាយរងគ្រោះនូវកញ្ចប់ការសិក្សាប្រកបដោយនវានុវត្តន៍ ដែលរួមបញ្ចូលនូវជំនាញ បច្ចេកទេស ជំនាញ សហគ្រិន ជំនាញទន់ និងការធ្វើពាណិជ្ជកម្ម ក៏ដូចជាការណែនាំពីមុខរបរដែលកំពុងមានតម្រូវការ ដើម្បីធានាថា ពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេច សម្រាប់ការងារប្រកបដោយ គុណភាព ។ 

 


បើតាមលោកស្រី Pauline Tamesis ទាក់ទងទៅនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសង្គមដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩នេះ ប្រទេសកម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាការផ្លាស់ប្តូរបរិយាកាសប្រព័ន្ធឌីជីថល និងប្រជាសាស្ត្រ។ យុវជនជាស្រី្ត និងបុរសវ័យក្មេងចំនួន ១៦០,០០០នាក់ បានចូលទៅក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ និងត្រូវការជា ខ្លាំងនូវជំនាញ និងសមត្ថភាពក្នុងការដោះស្រាយនូវបញ្ហាទាំងអស់នេះ។


កម្មវិធីដំណាក់កាលទី២នេះនឹងទាញយកផលប្រយោជន៍ពីការចូលរួមរបស់វិស័យឯកជនឹរួមមាន៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្នុងបេសកកម្មសម្របសម្រួលការផ្លាស់ប្តូរពីសាលារៀនទៅកន្លែងធ្វើការ និងការចូលរួមកាត់បន្ថយការមិនស៊ីចង្វាក់គ្នានៃជំនាញរបស់យុវជនវ័យក្មេងនៅកម្ពុជា។

 


យ៉ាងណាក៏ដោយបើតាមលោកស្រី Carin Salerno តំណាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ នៅ កម្ពុជា ដើម្បីគាំទ្រយុវជនវ័យក្មេងនៅក្នុងប្រទេស ជាពិសេសជន ដែលរងគ្រោះដោយជំងឺរាលត្បាត ដើម្បីជំនះនឹងបញ្ហា ការងារនាពេលបច្ចុប្បន្ន និងត្រៀមខ្លួនជាស្រេច សម្រាប់តម្រូវការការងារនាថ្ងៃអនាគត បន្ទាប់ពីគ្រោះមហន្តរាយនេះ។

 


ជាមួយគ្នានោះដែរ ឯកឧត្តម អ៉ិត សំហេង បានចាត់ទុកថាជារឿងល្អសម្រាប់កម្ពុជា ដែលបានឃើញដៃគូអភិវឌ្ឍន៍ក្នុងប្រទេស ក៏ដូចជាដៃគូអភិវឌ្ឍន៍អន្តរជាតិ បានរួមគ្នាគាំទ្រដល់យុវជនវ័យក្មេង ងាយរងគ្រោះនៅកម្ពុជា ជម្នះនូវបញ្ហាប្រឈម នាពេលបច្ចុប្បន្ន និងកសាងអនាគតការងារដ៏ភ្លឺស្វាង។ 


ក្នុងអំឡុងពេលនៃការរាលត្បាតនៃជំងឺកូវីដ-១៩នេះ កម្មវិធីនេះក៏ ជួយគាំទ្រផ្នែកគោល នយោបាយ របស់រដ្ឋាភិបាលក្នុងការឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ និងបន្ទាប់ពីជំងឺ កូវីដ-១៩។ យុវជន ១សែន៧ម៉ឺន នាក់ (ស្រី ៥០%) នឹងទទួលបានផលដោយផ្ទាល់ពីកម្មវិធីការងារសមរម្យសម្រាប់យុវជន  ដំណាក់កាលទី២នេះ៕


អត្ថបទ៖ សំ ជំនាញ រូបភាព៖ និន សុខលី

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024