ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

រដ្ឋសភាថៃ សម្រេចអនុម័តសំណើកញ្ចប់ថវិកាជិត ៦០ពាន់លានដុល្លារ ស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ

០៣ មិថុនា ២០២០ | សេដ្ឋកិច្ច

ដោយសារតែជួបប្រទះនឹង បញ្ហាមេរោគដ៏កាចសាហាវនេះ សេដ្ឋកិច្ចប្រទេសថៃ ត្រូវបានគេព្យាករណ៍ជាច្រើនលើករួចមកហើយ ថានឹងអាចធ្លាក់ចុះរង្វង់ ៦% ទៅ ៧% ក្នុងឆ្នាំ ២០២០នេះ តែយ៉ាងណា រាជរដ្ឋាភិបាលថៃ រំពឹងថា កញ្ចប់ថវិកាជាតិនេះ នឹងអាចជួយស្តារស្ថានការណ៍ឡើងវិញបាន។


ក្នុងនោះ ថវិកាជាង ១៧ពាន់លានដុល្លារ ត្រូវបានប្រើប្រាស់ជា ជំនួយដល់ កសិករ និងកម្មករក្រៅផ្លូវការ ដូចជា អ្នកលក់ដូរតាមចិញ្ចើមថ្នល់ និងអ្នកបម្រើការនៅក្នុងហាងម៉ាស្សាជាដើម ដែលបានបាត់បង់ការងារនិងប្រាក់ចំណូល។


សម្រាប់វិស័យសុខាភិបាល ក៏ទទួលបានចំណែកជាង ១ពាន់ ៤រយលានដុល្លារអាមេរិក ខណៈចំណែកថវិកាផ្សេងទៀតនឹងត្រូវបានប្រើប្រាស់សម្រាប់ ជម្រុញឲ្យមានស្ថេរភាពទីផ្សារ និងបង្កើនអំណាចទិញជាដើម តែយ៉ាងណា រាជរដ្ឋាភិបាលថៃ ពុំបានបញ្ជាក់លម្អិត ថាតើថវិកានេះ ត្រូវបានចំណាយបែបណានោះទេ។


លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានគូសបញ្ជាក់ថា រដ្ឋថៃ នឹងមានការត្រួតពិនិត្យជាជំហានៗ ចំពោះវិធីសាស្រ្តនៃការប្រើប្រាស់ កញ្ចប់ថវិកានេះ ជាឧទាហរណ៍ សម្រាប់វិស័យទេសចរណ៍ថៃ ដែលរងគ្រោះខ្លាំងបំផុត ដោយសារតែការបិទជើងហោះហើរអន្តរជាតិនេះ គឺមានកម្មករជាង ២០លាននាក់ បានដាក់ពាក្យស្នើសុំថវិការដ្ឋ តម្លៃជាង ១៥០ដុល្លារអាមេរិក។


លោក យ៉ូតាម៉ា សាវ៉ាន់ណា យ៉ាណា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បានគូសបញ្ជាក់ថា ការត្រៀមខ្លួនបែបនេះ នឹងអនុញ្ញាតឲ្យ សេដ្ឋកិច្ច អាចចាប់ផ្តើមប្រសើរឡើងវិញជាលំដាប់ ហើយកញ្ចប់ថវិកានេះ ពិតជាសំខាន់ណាស់ ព្រោះ សេដ្ឋកិច្ចថៃ មិនអាចហក់ឡើងវិញ ភ្លាមៗ ដោយខ្លួនឯងនោះទេ។


គួរជម្រាបថា រដ្ឋថៃ រំពឹងថា កញ្ចប់ថវិកានេះ ដែលស្មើនឹង ៩% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃនឹងត្រូវបានប្រើប្រាស់ដើម្បីស្រោចស្រង់ដល់ សេដ្ឋកិច្ចថៃ ឡើងវិញ ឲ្យមានកំណើន ៣% ក្នុងឆ្នាំ ២០២០នេះ ក្រោយពីមានការព្យាករណ៍ថាអាចធ្លាក់ចុះ ៥.៣% ឯណោះ៕


អត្ថបទ៖ ងួន សុភ័ត្រ្តា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024