ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារប្រកាសថា ការបើកប្រាក់រម្លឹកប្រាក់បំណាច់អតីតភាពការងារ ត្រូវពន្យារទៅឆ្នាំ២០២១

០៣ មិថុនា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី០២ ខែមិថុនានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា ការបើកប្រាក់រម្លឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ សម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងប្រាក់បំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំ២០២០ សម្រាប់គ្រប់វិស័យ ត្រូវបានពន្យារពេល ក្នុងការអនុវត្ត ទៅឆ្នាំ២០២១។ ការសម្រេចនេះ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ១៩។

 


ក្នុងសេចក្តីជូនដំណឹង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការពន្យារពេលការអនុវត្តបើកប្រាក់រម្លឹកប្រាក់បំណាច់អតីតភាពការងារនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវទូទាត់ប្រាក់រម្លឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំ២០២០ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៅពេលបញ្ចប់កិច្ចសន្យាការងាររបស់កម្មករនិយោជិត លើកលែងតែការបញ្ចប់កិច្ចសន្យាដោយកំហុសធ្ងន់ធ្ងររបស់កម្មករនិយោជិត ឬកម្មករនិយោជិតលាឈប់ពីការងារដោយឯកឯង។

 


សូមរម្លឹកថា ចាប់ពីឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានតម្រូវឲ្យក្រុមហ៊ុនរោងចក្រសហគ្រាស ទូទាត់ប្រាក់បំណាច់អតីតភាពការងាររបស់កម្មករនិយោជិត ២ដង ក្នុង ១ឆ្នាំ ពោលគឺរយៈពេល ១ឆមាស ឬ ៦ខែម្តង ដោយឆមាសទី១ ចាប់ពីខែមករា ដល់ខែមិថុនា និងឆមាសទី២ ពីខែកក្កដា ដល់ខែធ្នូ។


ក្នុងនោះ កម្មករនិយោជិត អាចទទួលបាននូវប្រាក់បំណាច់អតីតភាពការងារ ដែលស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជាមធ្យម ចំនួន ៧ថ្ងៃកន្លះ នៅក្នុងឆមាសនីមួយៗ៕


អត្ថបទ៖ លី ម៉េងហួរ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024