ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ម្រេចកំពតរំពឹងថា នឹងអាចនាំចេញឡើងវិញនាពេលឆាប់ៗនេះ

០៣ មិថុនា ២០២០ | សេដ្ឋកិច្ច

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានអះអាងប្រាប់ភីអិនអិន កាលពីថ្ងៃទី ០១ ខែមិថុនា ថា ដំណើរការនាំចេញម្រេចកំពតអាចនិយាយបានថា កំពុងដំណើរការឡើងវិញជាបណ្ដើរៗហើយ ព្រោះថ្មីៗនេះ មានក្រុមហ៊ុននាំចេញម្រេចធំៗចំនួន ៣ហើយ បានទាក់ទងមកខាងសមាគមម្រេចកំពត និងបានចុះមកមើលម្រេចដែលកំពុងមានក្នុងស្ដុក ហើយខាងសមាគម ក៏បានចុះហត្ថលេខាលើឯកសារបញ្ជាក់ប្រភពដើមទំនិញ ដើម្បីនាំចេញដែរ។ ដូច្នេះ អាចនិយាយបានថា ម្រេចកំពតអាចនឹងចាប់ផ្ដើមនាំចេញឡើងវិញនៅពេលឆាប់ៗខាងមុខនេះ។

 

បើតាមការអះអាងរបស់លោក ងួន ឡាយ ចាប់តាំងពីមានដើមឆ្នាំ២០២០ ដែលមានការរីករាលដាលមេរោគកូវីដ-១៩ មក ការនាំចេញម្រេចកំពតត្រូវបានជាប់គាំង ដែលបានតម្រូវឲ្យកសិករជាម្ចាស់ចម្ការ បង្ខំចិត្តហាលម្រេចទុក ដែលបច្ចុប្បន្នម្រេចកំពតប្រមាណក្រោម ១០០ តោន កំពុងស្ដុកទុករងចាំការនាំចេញឡើងវិញ ខណៈដែលកាលពីឆ្នាំទៅ ទិន្នផលម្រេចមានប្រមាណជាង ១២០ តោនឯណោះ។ ការថយចុះ នៃទិន្នផលម្រេចកំពតនៅឆ្នាំនេះ គឺដោយសារតែ ការដាំដុះម្រេចមិនបានកើនឡើងទេ ខណៈដើមម្រេចមួយចំនួនក៏បានងាប់ដែរ ហើយឥឡូវនេះ ដោយសារតែ ម្រេចមិនអាចនាំចេញបាននៅប៉ុន្មានខែមកនេះ បានធ្វើឲ្យម្ចាស់ចម្ការខ្នាតតូចៗជាច្រើន បាត់បង់ចំណូល ដែលអាចនឹងធ្វើឲ្យពួកគេបោះបង់ការដាំបន្ដនៅឆ្នាំក្រោយៗទៀត ព្រោះតែខ្វះទុន។

 


បើតាមប្រធានសមាគមម្រេចកំពត តាមការប៉ាន់ស្មាន ក្នុងចំណោមកសិករដាំម្រេច ៤៥៧ គ្រួសារ ដែលជាសមាជិករបស់សមាគម អាចនឹងមានប្រមាណ ៤០% នឹងបោះបង់ចោលការដាំម្រេច ដែលភាគច្រើនគឺជាកសិករដាំម្រេចខ្នាតតូច ដោយកសិករខ្នាតតូចទាំងនេះ មានប្រមាណ ៨៥% នៃសមាជិករបស់សមាគមម្រេចកំពតសរុប។


បើទោះបីជាមិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាននៅប៉ុន្មានខែមកនេះ ប៉ុន្ដែ បើតាមសមាគមតម្លៃម្រេចកំពត គឺមាននៅតែពង្រឹងថ្លៃ ១៥ ដុល្លារសម្រាប់ប្រភេទម្រេចខ្មៅមួយគីឡូក្រាមខណៈម្រេចក្រហមលក់តម្លៃ ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និង២៨ដុល្លារសម្រាប់ម្រេចស មួយគីឡូក្រាមដដែល មិនមានការចុះថ្លៃទេ។


ជុំវិញនឹងតម្លៃទីផ្សារម្រេចនេះដែរ បើយើងក្រៅឡេកទៅមើលទីផ្សារម្រេចដែលមានដាំដុះនៅតាមបណ្ដាខេត្តផ្សេងទៀត ដែលមិនមែនជាផលិតផលសម្គាល់ភូមិសាស្ត្រ (IG) ដូចម្រេចកំពតនោះ ឃើញថា តម្លៃម្រេចនៅតាមបណ្ដាខេត្តទាំងនោះ ដូចជាកំពង់ចាម ត្បូងឃ្មុំ រតនគិរី ជាដើម គឺមានការឡើងថ្លៃខ្ពស់ជាងមុន គួរឲ្យកត់សម្គាល់ ដែលប្រមាណជា ២សប្ដាហ៍មកនេះ តម្លៃម្រេចបានកើនឡើងខ្ពស់ដល់ជាង ១១.០០០ រៀល ក្នុងមួយគីឡូក្រាម ខណៈដែលពីមុនមានតម្លៃតែប្រមាណជាង ៦ពាន់ ទៅជាង ៧ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។


ឈ្មួញទិញម្រេចនៅខេត្តត្បូងឃ្មុំ បានអះអាងថា តម្លៃម្រេចមានការឡើងចុះៗ មិនទាន់ហ្នឹងន៎ទេ នៅប៉ុន្មានថ្ងៃមកនេះ ដោយតម្លៃម្រេចខ្ពស់បំផុតអាចលក់បានដល់ទៅជាង១១.០០០ រៀល ក្នុងមួយគីឡូក្រាម។ បើតាមការអះអាងរបស់ឈ្មួញ នៅពេលដែលម្រេចហក់ឡើងថ្លៃពួកគាត់ហាក់ពិបាករកទិញម្រេចទៅវិញ ព្រោះកសិករខ្លះ មិនទាន់ចង់លក់ព្រោះចាំមើលក្រែងឡើងថ្លៃជាងនេះទៀត ហើយទិន្នផលម្រេចក៏មិនសូវសម្បូរដែរនៅឆ្នាំនេះ។


មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ បានបញ្ជាក់ថា តម្លៃម្រេចឡើងចុះនេះ វាអាស្រ័យលើថ្លៃម្រេចនៅលើទីផ្សារអន្តរជាតិដែរ ហើយ២សប្ដាហ៍កន្លងមកនេះ តម្លៃម្រេចនៅកម្ពុជាមានការប្រែប្រួលក្នុងចន្លោះពី ៩.៥០០រៀល ទៅ១១.០០០ រៀលក្នុងមួយគីឡូក្រាម ឡើងចុះលឿនទៅតាមម៉ោង។


បើតាមមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម តម្លៃម្រេចឡើងថ្លៃនេះ ក៏បណ្ដាលមកពីនៅប្រទេសវៀតណាម ដែលជាប្រទេសផ្គត់ផ្គង់ម្រេចដ៏ធំលើទីផ្សារពិភពលោកនោះ គឺបានផុតរដូវប្រមូលផលហើយ ខណៈទិន្នផលឆ្នាំនេះ ថយចុះប្រមាណ ២០%។  ហើយវៀតណាមកំពុងត្រូវការម្រេចបន្ថែមនៅពេលដែលរដូវប្រមូលផលរបស់ខ្លួនចប់។ លើសពីនេះ ការផ្គត់ផ្គង់ម្រេចពីឥណ្ឌូនេស៊ី និងប្រេស៊ីល មិនទាន់មកដល់រហូតដល់ខែសីហាខាងមុខ។


សូមបញ្ជាក់ថា បើតាមក្រសួងពាណិជ្ជកម្ម តម្លៃម្រេចនៅលើទីផ្សារអន្តរជាតិកំពុងឡើងថ្លៃ ពី ១.៣០០ដុល្លារ  ទៅដល់ ១.៥០០ ដុល្លារអាមេរិកក្នុងមួយតោន ហើយក្រុមហ៊ុននាំចេញម្រេចផ្ទាល់នៅកម្ពុជា ហ៊ានទិញឡើងថ្លៃមកត្រឹម ៩.៨០០រៀលក្នុងមួយគីឡូក្រាម៕


អត្ថបទ៖ ចាន់ ភារម្យ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024