ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិកើនឡើងខ្ពស់

០៣ មិថុនា ២០២០ | សេដ្ឋកិច្ច

ការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិនៅក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ សម្រេចបានជាង ៣៥ ម៉ឺនតោនកើនឡើង ៤២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញទៅកាន់សហគមន៍អឺរ៉ុបមាន ១២ម៉ឺន តោន កើន ៥១ ភាគរយ ខណៈ ទីផ្សារប្រទេសចិនមានចំនួនជាង ១៣ម៉ឺន តោន កើន ២៥ ភាគរយ និងប្រទេសក្នុងតំបន់អាស៊ានមានចំនួនជាង ៤ម៉ឺន៥ពាន់តោនកើន ៤៥ ភាគរយ និងទិសដៅផ្សេងៗទៀតមានចំនួន ៥ម៉ឺន តោន កើនឡើង ៧៩ ភាគរយ។


ជុំវិញទៅនឹងការអភិវឌ្ឍក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជានេះដែរ កាលពីម្សិលមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋជំរុញអភិវឌ្ឍន៍វិស័យកសិកម្មដើម្បីធានាស្បៀងអាហារ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជាង១៣ម៉ឺននាក់កំពុងបាត់បង់ការងារធ្វើ ដោយសារតែបញ្ហាកូវីដ ១៩ បានធ្វើឲ្យប្រជាពលរដ្ឋមួយភាគធំត្រូវបានចូលរួមជាមួយគ្រួសារឡើងវិញដើម្បីធ្វើការងារក្នុងវិស័យកសិកម្ម។

 

រូបភាព៖ FB/CRF


សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំពាវនាវដូច្នេះនៅក្នុង ពិធីសំណេះសំណាលជាមយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២០ នេះថា សុំអំពាវនាវប្រជាពលរដ្ឋជំរុញវិស័យកសិកម្ម ដើម្បីធានាស្បៀងអាហារ ស្របពេលដែលមើលឃើញថា ពលរដ្ឋខ្មែរពេលនេះនៅតែមិនទាន់ផ្តាច់ខ្លួនចេញពីកសិកម្មនៅឡើយ។


សម្តេចបានបញ្ជាក់ទៀតថា យើងនឹងជំរុញការដាំដុះដើម្បីផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក ធ្វើយ៉ាងណាកុំឲ្យតែអត់អង្ករច្រកឆ្នាំង។ ដូច្នេះក្នុងស្ថនាភាពនេះអ្នកឯងមិនអាចទិញខោអាវតែអ្នកឯងមិនអាចថាមិនទិញស្បៀងអាហារបាននោះឡើយ។


ទន្ទឹមជាមួយគ្នានេះដែរសម្តេចក៏បានប្រកាសសម្រេចពង្រីកវិសាលភាពគ្របដណ្តប់នៃទំហំថវិកាសម្រាប់កម្មវីធីសាច់ប្រាក់ពលកម្មដោយនៅក្នុងឆ្នាំ២០២០នេះនឹងដំឡើងឲ្យដល់១០០លានដុល្លារ ដើម្បីម្យ៉ាងគឺស្រូមយកកម្លាំងពលកម្មដែលបាត់បង់ការងារធ្វើពីរោងចក្រ សហគ្រាស និងក៏ដូចជាពលកម្មដែលបានវិលត្រឡប់ពីបរទេសផង និងម្យ៉ាងទៀតជួយទ្រងទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាទូទៅផង និងចូលរួមបង្កើតសមិទ្ធិផលសង្គម សេដ្ឋកិច្ចក្នុងប្រទេសតាមរយៈការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ សំដៅលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទផងដែរ។


សម្តេចបន្ថែមថា បើទោះបីជាពេលនេះពលរដ្ឋខ្មែរជាង១៣ ម៉ឺននាក់កំពុងបាត់បង់ការធ្វើក៏ដោយចុះ តែពួកគេទាំងនោះមួយភាគធំគឺកំពុងតែបានទៅធ្វើការងារកសិកម្មជាមួយនឹងគ្រួសាររបស់ពួកគេឡើងវិញផងដែរ។

 

អត្ថបទ ស៊ឺន សុន 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024