ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ឆៃយ៉ា ឆានុន វិលវិញក្រោយបាត់មុខពីសិល្បៈ៣ ឆ្នាំ 

០២ មិថុនា ២០២០ | កម្សាន្ដ

តារាសម្តែងរូបសង្ហារ ឆៃយ៉ា ឆានុន បានផ្អាកសិល្បៈជាង ៣ ឆ្នាំមកហើយ ក្រោយពីលោកសម្រេចចិត្តបើកហាងលកសម្លៀកបំពាក់ដើម្បីពង្រឹងជីវភាពរបស់ខ្លួន តែទោះជាយ៉ាងនេះក្តីថ្មីៗនេះ ឆៃយ៉ា ឆានុន បានប្រកាសវិលចូលសិល្បៈវិញ ដោយលោកកំពុងថតរឿង ២ ក្នុងពេលតែមួយ ។


 
លោក ឆៃយ៉ា ឆានុន ក៏មានវត្តមាននៅក្នុងរឿង « អ្នកទី ៣ » របស់ផលិតកម្ម LD ដែលត្រៀមនឹងដាក់ បញ្ជាំងនៅលើកញ្ចក់ទូរទស្សន៍ PNN ផងដែរ ដោយលោកសម្តែងជាតួរងដែលមានចរិតក្រម៉ិចក្រមើល ខុសប្លែកពីសព្វដង ។ ជួបជាមួយ ឆៃយ៉ា ឆានុន កាលពីពេលថ្មីៗនេះយើងចាប់អារម្មណ៍ឃើញថា លោកនៅតែមានរាងសង្ហារគួរជាទីចាប់អារម្មណ៍ លោកបាននិយាយថា ពេលនេះលោកត្រឡប់មក កាន់វិស័យភាពយន្តវិញហើយ ក្រោយពីបាត់មុខអស់ពេលជាង ៣ ឆ្នាំ ។ 


ថ្វីត្បិតតែតារាសម្តែង ឆៃយ៉ា ឆានុន មិនមែនជាតួឯកប្រុសល្បីល្បាញតែលោកជាតួអង្គលេចធ្លោមួយរូប ដែលលេចមុខនៅក្នុងភាពយន្តជាច្រើន គ្រាន់តែប៉ុន្មានឆ្នាំនេះលោកបានផ្អាកសិល្បៈដើម្បីមើលការងាររកស៊ីរបស់ខ្លួន ទើបធ្វើឱ្យជីវិតសិល្បៈលោកធ្លាក់ចុះ រហូតធ្វើឱ្យទស្សនិកជនជាច្រើនស្ទើរតែភ្លេចមុខលោកទៅហើយ តែទោះជាយ៉ាងនេះក្តី ឆៃយ៉ា ឆានុន មិនអស់សង្ឃឹមនោះទេ ផ្ទុយទៅវិញលោកបានពោលពាក្យសង្ឃឹមមុខមាំថា នៅក្នុងរឿង « អ្នកទី ៣ » នឹងធ្វើឱ្យលោកលេចធ្លោឡើងវិញ ។ 

 

 

ការវិលត្រឡប់របស់ ឆៃយ៉ា ឆានុន លើកនេះមិនត្រឹមតែចង់ល្បីល្បាញក្នុងសិល្បៈឡើងវិញនោះទេ លោកថែមទាំងចង់ឱ្យខ្លួនល្បីល្បាញខាងការរកស៊ីផងដែរ ជាក់ស្តែងហាងលក់សម្លៀកបំពាក់របស់លោកកំពុងបើកដំណើរការនៅម្តុំ គីរីរម្យ នោះកំពុងទទួលបានការគាំទ្រខ្លាំង មានពេលខ្លះលោកត្រូវដឹកជញ្ជូនដោយខ្លួនឯងផងដែរ  ។


ឆៃយ៉ា ឆានុន បានឱ្យដឹងថា មានឈ្មោះជាថៅកែគេ ក៏មិនត្រូវនៅស្រួលពេកដែរ ការងារអ្វីដែលអាចធ្វើបានត្រូវតែជួយគ្នា ទោះត្រូវជិះម៉ូតូជិតឬឆ្ងាយ ឬស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅ ក៏ត្រូវតែប្រឹងដែរ ដើម្បីការងាររកស៊ីដំណើរការល្អ ។ រយៈពេលត្រឹម ៣ ឆ្នាំដែល ឆៃយ៉ា ឆានុន ងាកទៅបើកហាងលក់សម្លៀកបំពាក់បានធ្វើឱ្យជីវភាពលោក មានភាពធូរធារជាងមុនច្រើន ដូច្នេះហើយទើបលោកវិលត្រឡប់មកសិល្បៈវិញ ដើម្បីបំពេញក្តីស្រមៃខ្លួនមួយបន្ថែមទៀត ។  ឆ្លៀតពេលនេះផងដែរ ឆៃយ៉ា ឆានុន នៅតែឡើងទៅក្រៅប្រទេសដើម្បីបញ្ជាទិញទំនិញដោយខ្លួនឯងយកមកលក់នៅលើទីផ្សារផងដែរ  ៕ 

 

 

 

 

អត្ថបទ៖ ម៉ា រីសា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024