ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ជម្ងឺគ្រុនឈាម អាចមានរហូតដល់២ម៉ឺន៦ពាន់ករណី ក្នុងឆ្នាំ២០២០នេះ 

០២ មិថុនា ២០២០ | ព័ត៌មានជាតិ

លោកវេជ្ជបណ្ឌិត លាង រិទ្ធា  ប្រធានកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម បានមានប្រសាសន៍ថា គិតត្រឹមសប្តាហ៍ទី២០ នៅកម្ពុជាមានជំងឺគ្រុនឈានចំនួន ជាង២៣០០ករណី ក៍ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ។ 

 

ខេត្តក្រុងដែលមានគ្រុនឈាមច្រើនជាងគេរួមមាន ភ្នំពេញ កំពង់ធំ សៀមរាប កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តតាកែវ ។ តាមការប៉ាន់ស្មានទុកជាមុន នៅឆ្នាំនេះនឹងមានគ្រុនឈាមកើតឡើងចំនួន ២ម៉ឺន៧ពាន់ករណី ។ ដោយឡែកកាលពីឆ្នាំមុន ជំងឺគ្រុនឈាមមានចំនួន ជិត៧ម៉ឺនករណី បណ្តាលអោយមនុស្សស្លាប់៤៧នាក់។

 

លោកវេជ្ជបណ្ឌិត លាង រិទ្ធាបានបន្ថែមថា ក្រសួងសុខាភិបាលបានត្រៀមថ្នាំអាបេតចំនួន ២៥០តោន ដើម្បីដាក់កុំអោយមានដង្កូវទឹក និងបានត្រៀមសេរ៉ូមសម្រាប់ព្យាបាលអ្នកជំងឺគ្រុនឈាមចំនួន ១០ម៉ឺនដប។ 

 

លោកវេជ្ជបណ្ឌិតបានណែនាំអោយពលរដ្ឋបង្កើនការសំអាតជុំវិញផ្ទះ កុំអោយដក់ទឹក និងត្រូវយកសំបកកំប៉ុងចាស់ៗ ជាពិសេសកង់ឡានចាស់មិនត្រូវអោយដក់ទឹកដែលអាចក្លាយជាជម្រករបស់សត្វមូស។

 

 

នៅលើទីផ្សារមិនមានថ្នាំអាបេតនោះទេ ដូច្នេះលោកវេជ្ជបណ្ឌិតបានណែនាំថា ពលរដ្ឋអាចទៅសុំនៅមណ្ឌលសុខភាពដើម្បីយកថ្នាំអាបេតទៅដាក់ក្នុងពាងទឹកការពារការកកើតសត្វមូស។

 

បន្ថែមពីនេះ លោកវេជ្ជបណ្ឌិតបានផ្តាំហើយម្តងហើយម្តងទៀតថា ប្រសិនបើមានកុមារឈឺដោយសង្ស័យពីជំងឺគ្រុនឈាមសូមប្រញ៉ាប់យកទៅមណ្ឌលសុខភាព ឫ មន្ទីរពេទ្យរដ្ឋជាបន្ទាន់ មិនត្រូវយកទៅមន្ទីរពេទ្យឯកជននោះទេ ។

 

លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថាកុមារភាគច្រើនបានស្លាប់ដោយសារតែអូសបន្លាយការព្យាបាលនៅតាមពេទ្យឯកជន ហើយយឺតពេលក្នុងការទៅមន្ទីរពេទ្យរដ្ឋ។ 

លោកវេជ្ជបណ្ឌិតបានក្រើនរម្លឹកអោយពលរដ្ឋងាកមកប្រុងប្រយ័ត្នលើជំងឺគ្រុនឈាម បន្ថែមពីលើជំងឺខូវិដ ១៩ ពីព្រោះថា រដូវវស្សាបានចូលមកដល់ ដែលជាការចាប់ផ្តើមនៃរដូវកាលជំងឺគ្រុនឈាម ដូច្នេះការលុបបំបាត់ជម្រកសត្វមូស ជាវិធីការពារបានមួយផ្នែកយ៉ាងល្អប្រសើរ៕
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024