ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

Dzarma Bata ថា ការឈ្នះស្បែកជើងមាសជាគោលដៅរបស់ខ្លួន តែជ័យជម្នះក្រុមកាន់តែសំខាន់

០២ មិថុនា ២០២០ | កីឡា

ខ្សែប្រយុទ្ធអង្គរថាយហ្គឺរ Dzarma Bata លើកឡើងថា ទាំងខ្លួនគេផ្ទាល់ ដែលជាខ្សែប្រយុទ្ធជួរមុខក្នុងក្លិប ក៏ដូចជាខ្សែប្រយុទ្ធល្អៗ នៅក្លិបដទៃទៀត សុទ្ធតែចង់ឈ្នះស្បែកជើងមាស ឬក៏ក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ក្រោយបញ្ចប់រដូវកាលលីគកំពូលកម្ពុជា។ គេលើកឡើងថា ជារឿងល្អបំផុតប្រសិនឈ្នះជយលាភីនេះមែន ប៉ុន្តែការជួយក្រុមអោយទទួលបានជ័យជម្នះ ក្នុងការប្រកួតនីមួយៗ កាន់តែសំខាន់ជាងនេះទៅទៀត។

 

 

ប្រាប់ភីអិនអិន កាលពីពេលថ្មីៗកន្លងទៅនេះ ខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ា Dzarma Bata បង្ហាញការយល់ឃើញរបស់ខ្លួន ចំពោះការប្រជែងស្បែកជើងមាសថា៖ «ប្រាកដណាស់ ប្រសិនបើខ្ញុំឈ្នះស្បែកជើងមាសក្នុងរដូវកាលនេះមែននោះ គឺជារឿងល្អបំផុតហើយ ។ សម្រាប់ខ្ញុំ គឺខ្ញុំផ្តោតសំខាន់លើការខិតខំអស់ពីសមត្ថភាព ហើយព្យាយាមរកគ្រាប់បាល់សម្រាប់ក្រុម ទាំងនេះជាការតាំងចិត្តរបស់ខ្ញុំ។ ដ្បិតកីឡាករគ្រប់រូបសុទ្ធតែចង់ឈ្នះស្បែកជើងមាសដូចគ្នា ប៉ុន្តែសម្រាប់ខ្ញុំ គឺខ្ញុំនឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីក្លិបក៏ដូចជាប្រជែងយកជ័យជម្នះ ទាំងនេះជារឿងសំខាន់បំផុតសម្រាប់យើង ហើយខ្ញុំផ្តោតសំខាន់លើអាជីពរបស់ខ្ញុំ»។

 

 

អតីតសមាជិកព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សូលទីឡូ ទ័ព និងបឹងកេតខាងលេីបន្តថា សម្រាប់ខ្លួនក៏ដូចជាអង្គរថាយហ្គឺរទាំងមូល មិនគិតថាក្រុមណាមួយនៅក្នុងលីគ មានខ្សែការពារបង្កក្ដីលំបាកនោះទេ។ ទោះមិនអាចរកគ្រាប់បាល់ រឺជ័យជម្នះបាន តែអ្វីដែលសំខាន់​ គឺការជឿជាក់ និងធ្វើអ្វីទៅតាមរបៀបលេង ដែលគ្រូបង្វឹកបានរៀបចំ ព្រមទាំងកលល្បិចក្រុម ដើម្បីឈ្នះការប្រកួត។

 

គួររំឭកថា  Bata ធ្លាប់ឈ្នះស្បែកជើងមាស  MCL ម្តងក្នុងឆ្នាំ ២០១៤ កាលលេងឱ្យព្រះខ័នរាជស្វាយរៀង។ ក្នុងរដូវកាល ២០១៩ កន្លងទៅ គេ រកបានគ្រាប់បាល់សរុប ៣៥គ្រាប់ អំឡុងពេលលេងឱ្យកងយោធពលខេមរភូមិន្ទ  និងភ្នំពេញក្រោន។

 

 

ដោយឡែករដូវកាល២០២០នេះ គិតត្រឹម៥ប្រកួតដំបូងជាមួយថាយហ្គឺរ រូបគេស៊ុតបញ្ចូលទីបាន៤គ្រាប់  មុន ពេល លីគ ផ្អាក តាំង ពី ថ្ងៃ ទី ១៩ ខែមីនាមក៕

អត្ថបទ និង រូបភាព៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024