ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

NPCC ប្រកាសរៀបចំការប្រកួតបាល់ទះអង្គុយថ្នាក់ជាតិលើកដំបូង

០២ មិថុនា ២០២០ | កីឡា

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាហៅកាត់ NPCC បានប្រកាសនៅសប្តាហ៍នេះថា ខ្លួននឹងរៀបចំការប្រកួតជើងឯកបាល់ទះអង្គុយថ្នាក់ជាតិលើកដំបូង ដែលព្រឹត្តិការណ៍នេះ គ្រោងធ្វើនៅខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។


ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ NPCC បានឱ្យដឹងថា ការចុះឈ្មោះចូលរួមប្រកួត នឹងចាប់ផ្តើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះ រហូតដល់ខែសីហា។ ដោយមួយក្រុមតម្រូវឱ្យមានសមាជិកចន្លោះពី ៨ទៅ ១២រូប ក្នុងនោះបូករួមទាំងគ្រូបង្វឹក១រូប ឬអ្នកគ្រប់គ្រង ១រូបផងដែរ។

 


ក្នុងសេចក្តីប្រកាសដដែល បានផ្តល់ឱកាសចូលរួមដល់អត្តពលិកពិការចាប់ពីអាយុចាប់ពី ១៨ឆ្នាំដល់ ៥០ឆ្នាំ ហើយក្រុមនីមួយៗត្រូវមានឈ្មោះច្បាស់លាស់ និងបានចុះបញ្ជីក្នុងការប្រកួតត្រឹមត្រូវ។ ពិសេសជាងនេះ ក្រុមនីមួយៗ ត្រូវតែទទួលបានការវាយតម្លៃចំណាត់ថ្នាក់ ទៅតាមស្តង់ដារនៃពិការភាព ផ្នែកបាល់ទះអង្គុយរបស់គណៈកម្មការជំនាញ NPCC។ ក្នុងករណីក្រុមណាមួយ មិនមានសមាសភាព តាមច្បាប់នៃការប្រកួតត្រឹមត្រូវ នឹងពុំអនុញ្ញាតឱ្យចូលប្រកួតឡើយ។ ទន្ទឹមនឹងនោះ គ្រូបង្វឹក និងប្រធានក្រុមត្រូវធានាថា ក្រុមរបស់ខ្លួនធ្លាប់បានហ្វឹកហាត់ត្រៀមចូលរួមប្រកួតជើងឯកនេះ ដោយបំពេញតាមលក្ខណៈបច្ចេកទេសកីឡាបាល់ទះអង្គុយ ដើម្បីចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

 


ជាមួយគ្នានោះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនជនពិការទូទាំងប្រទេស ឲ្យចូលរួមចុះឈ្មោះការប្រកួតនេះឱ្យបានកាន់តែច្រើនក្រុម ដើម្បីកសាងសក្តានុពលកីឡាបាល់ទះអង្គុយកម្ពុជា ក្នុងគោលដៅត្រៀមខ្លួនចូលរួមប្រជែងមេដាយអាស៊ានប៉ារ៉ាហ្គេមលើកទី១២  ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 


គួរបញ្ជាក់ថា ការប្រកួតជើងឯកបាល់ទះអង្គុយថ្នាក់ជាតិលើកទី១ ដែលធ្វើឡើងក្នុងឆ្នាំ២០២០នេះ ទទួលបានការគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា ៕ 


អត្ថបទ និងរូបភាព៖ ងិន មករា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024