ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ក្រោយរឹតបន្តឹងច្បាប់រយៈពេញ ១ខែ គ្រោះថ្នាក់ចរាចរណ៍ថយចុះជាង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩

០២ មិថុនា ២០២០ | ព័ត៌មានជាតិ

ក្រោយធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករយៈពេលពេញ១ខែកន្លងទៅនេះ ពោលគឺគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន២១៨លើក មានការថយចុះជាង៣០ភាគរយប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៤៨លើក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានចេញផ្សាយនៅ ថ្ងៃទី០១ ខែមិថុនា នេះ។

 


គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអោយដឹងទៀតថា ក្នុងរយៈពេលពេញ១ខែមកនេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យនិងផាកពិន័យចំពោះយានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក សរុបបានជាង៤ម៉ឺនករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួនជាង៣ម៉ឺនករណី និងរថយន្តគ្រប់ប្រភេទចំនួនជាង១ម៉ឺនករណី។

 


ជាមួយគ្នានោះ ជាការកត់សម្គាល់របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺថាក្នុងអំឡុងពេលរឹតបន្តឹងច្បាប់ចរាចរណ៍នេះ អ្នកប្រើប្រាស់ផ្លូវច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស បើកបរដោយមានការយោគយល់អធ្យាស្រ័យ និងមានសណ្តាប់ធ្នាប់ល្អដែលបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្តដល់កងកម្លាំងអនុវត្តន៍ច្បាប់ មានស្មារតីបន្តអនុវត្តន៍ភារកិច្ច កាន់តែសកម្មខ្លាំងក្លាថែមទៀត។

 


គួរបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានចាប់ផ្តើមសកម្មភាពរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវនានា កាលពីថ្ងៃទី១ ខែឧសភា។ រឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះ គឺកម្លាំងនគរបាលបាន អនុវត្តអនុក្រឹត្យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដែលមានការតម្លើងកម្រិតទឹកប្រាក់ពិន័យក្នុងចំនួនពី ៣ទៅ៥ដង៕


អត្ថបទ៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024