ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ស្ពានថ្ម និងផែធំ នៅខេត្តកោះកុង ជាអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយ

០២ មិថុនា ២០២០ | ព័ត៌មានជាតិ

ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនផលនេសាទ និងការរស់នៅតាមសងខាងស្ពាន ព្រមទាំងចង់អោយមានទីកន្លែងលំហែរកាយរបស់សាធារណ:ជន និងដោយមានការសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ ទើបអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP group និងលោកជំទាវ បានឯកភាព និងចាប់ផ្តើមកសាងស្ពាន និងផែធំ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ហើយបានបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលចំណាយទឹកប្រាក់អស់ ២០ម៉ឺន ៧ពាន់ដុល្លារ ( ២០៧.០០០ដុល្លារ)។

 


ស្ពានបេតុងនេះ មានប្រវែង ៦៣៥ ម៉ែត្រ ទទឹង ២ម៉ែត្រកន្លះ (២,៥ ម៉ែត្រ) ដោយសសរស្ពាន ប្រើប្រាស់គ្រឹះបេតុង ជាមួយមុខកាត់ទីបទ័រ ២០០មីលីម៉ែត្រ ជំរៅ ៣ម៉ែត្រ និងផ្ទៃផែទំហំ ១៥ម៉ែត្រ គុណ ៣០ម៉ែត្រ។


សមិទ្ធិផលខាងលើនេះ គឺជាការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន និងជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ    ដែលអ្នកឧកញ៉ា ជាកុលបុត្រដ៏ឆ្នើមមួយរូប មានដើមកំណើតក្នុងមូលដ្ឋាននេះ ស្រាប់ បានកសាងសមិទ្ធិផលជាច្រើន ក្នុងមូលដ្ឋាននេះ និងនៅក្នុងខេត្តកោះកុង។

 


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ និងសំដែងនូវអារម្មណ៍ ចូលរួមត្រេកអរ ដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ពិសេស ប្រជាពលរដ្ឋ នៅឃុំថ្មសផ្ទាល់តែម្តង ដែលទទួលបាននូវសមិទ្ធិផលដ៏ថ្លៃថ្លា ដែលជាអំណោយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ នាពេលនេះ។


សម្តេចពិជ័យសេនា បន្តទៀតថា សមិទ្ធិផលថ្មីនេះ មានអត្ថប្រយោជន៍ និងគុណប្រយោជន៍ ខ្លាំងណាស់ដល់ប្រជាពលរដ្ឋ និងប្រជានេសាទ ព្រោះថា ស្ពាន និងផែធំនេះ បានជួយសំរួលយ៉ាងច្រើនដល់មុខរបររកស៊ីទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសការប្រមូលដឹកជញ្ជូននូវផលនេសាទ។

 


សម្តេចពិជ័យសេនា សូមកោតសសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលមានចិត្តសប្បុរស និងយកចិត្តទុកដាក់ជួយរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាជួយអភិវឌ្ឍន៍ខេត្តកោះកុង អោយមានការរីកចំរើន។ ជាក់ស្តែងដូចពេលនេះ ស្ពាន និងផែធំនេះ គឺលោកឧកញ៉ា បានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការកសាង ដើម្បីជាប្រយោជន៍ដល់សាធារណ:។ ក្នុងនោះ ស្នាដៃរបស់លោកឧកញ៉ា ជាច្រើនទៀត សុទ្ធតែបានជួយរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងទាំងមូល។

 


សម្តេចពិជ័យសេនា បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូន នៅឃុំថ្មស ព្រមទាំងអ្នកដែលបានប្រើប្រាស់ស្ពាន និងផែ ទើបសម្ពោធថ្មីនេះ សូមជួយថែរក្សាសមិទ្ធិផលថ្មីនេះ អោយបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍សាធារណ:បន្តទៅថ្ងៃអនាគត៕

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024