ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

តម្លៃសាច់ជ្រូករស់ក្នុងសប្តាហ៍នេះបន្តឡើងថ្លៃជាង១ពាន់រៀលក្នុងមួយគីឡូក្រាម

០២ មិថុនា ២០២០ | សេដ្ឋកិច្ច

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានគូសបញ្ជាក់ថាការកើនឡើងតម្លៃសាច់ជ្រូករស់ក្នុងទីផ្សារពេលនេះដោយសារតែតម្លៃសាច់ជ្រូករស់ នៅប្រទេសវៀតណាមមានតម្លៃថ្លៃខ្ពស់ និងកំពុងតែមានតម្រូវការនាំចូលជ្រូកពីថៃ រួមទាំងកម្ពុជាដែរ។ លោកបន្តថា តម្លៃជ្រូករស់នៅវៀតណាម១គីឡូក្រាមថ្លៃ ១ម៉ឺន ៨ពាន់រៀល ខណៈតម្លៃជ្រូករស់នៅកម្ពុជា១គីឡូក្រាមថ្លៃត្រឹម ១ម៉ឺន ៣ពាន់រៀល ដូច្នេះចង់មិនចង់វៀតណាមត្រូវតែទិញជ្រូកពីប្រទេសជិតខាង ខណៈតម្រូវការសាច់ជ្រូកក្នុងប្រទេសវៀតណាមច្រើនជាងការផ្គត់ផ្គង់។


លោកស្រ៊ុន ពៅបន្តថា ក្នុងពេលចាំបាច់នេះវៀតណាមមិនត្រឹមតែមានតម្រូវការជ្រូកពីថៃ ប៉ុណ្ណោះទេ ជ្រូកពីកម្ពុជាក៏មានតម្រូវការដែរ ស្របពេលដែលកម្ពុជាខ្លួនឯងក៏កំពុងមានតម្រូវការសាច់ជ្រូកខ្លាំងដែរនោះ។ ត្រង់នេះហើយបានជាធ្វើឲ្យតម្លៃជ្រូកនៅកម្ពុជាហក់ឡើងថ្លៃខ្ពស់បែបនេះក្នុងតម្លៃជ្រូករស់១គីឡូក្រាមថ្លៃ ១ម៉ឺន ៣ពាន់រៀល បើធៀបកាលពីពេលមុន ជ្រូករស់ ១គីឡូក្រាម ថ្លៃ ១ម៉ឺន ២ពាន់រៀលប៉ុណ្ណោះ។

 

កម្ពុជាកំពុងជំរុញបង្កើនសមត្ថភាពចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការនាំចូល

 


លោកស្រ៊ុន ពៅអះអាងថា បើទោះបីបច្ចុប្បន្នការចិញ្ចឹមជ្រូកនៅកម្ពុជាមានការកើនឡើងពេលនេះក៏ដោយចុះ ក៏ប៉ុន្តែការចិញ្ចឹមរបស់យើងចិញ្ចឹមថ្ងៃនេះមិនមានន័យថា យើងអាចលក់ស្អែកវិញបាននោះឡើយ ពោលគឺត្រូវការពេលវេលាយ៉ាងតិចណាស់២ទៅ៣ខែទៅមុខទៀតដែរ។


សូមជ្រាបថា កាលពីពេលថ្មីនេះក្រសួងកសិកម្មបានឲ្យដឹងថា គិតត្រឹមខែឧសភា នេះការផ្គង់ផ្គង់សាច់សត្វដល់ទីផ្សារក្នុងស្រុកមានចំនួនជាង ៤៣ លានក្បាល ដែលចិញ្ចឹមតាមកសិដ្ឋាននានា និងជាសញ្ញាបង្ហាញឲ្យឃើញពីការកើនឡើងនៃមុខរបរចិញ្ចឹមសត្វក្នុងស្រុកកាត់បន្ថយការនាំចូល។


របាយការណ៍បង្ហាញថា គិតត្រឹមខែឧសភានេះកម្ពុជាអាចមានលទ្ធភាពផ្គត់ផ្គង់សាច់ចំនួនជាង ៤៣លាន ក្បាល ស្មើនឹង ២៤ម៉ឺន តោនក្នុងនោះសត្វគោ និងក្របីមានចំនួនជា៩ម៉ឺន តោន ស្មើនឹងជាង ៨២ម៉ឺន ក្បាល ដែលចិញ្ចឹមក្នុងកសិដ្ឋាន ៣៧ កន្លែង ខណៈការផ្គត់ផ្គង់ជ្រូកចំនួនជាង ១០ម៉ឺនតោន ស្មើនឹង ២ លានក្បាល ដែលចិញ្ចឹមក្នុងកសិដ្ឋានចំនួន ៥៣០ កន្លែង និងការចិញ្ចឹមលក្ខណៈគ្រួសារចំនួនជាង ១ លានក្បាល ខណៈសាច់បក្សីអាចមានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុកចំនួនជិត ៥ម៉ឺនតោន ស្មើនឹង ៤០ លានក្បាល ដែលចិញ្ចឹមក្នុងកសិដ្ឋាន ៨២៤ កន្លែង និង កសិករចិញ្ចឹមចំនួន ២៧ លានក្បាល។


យ៉ាងណាក៏ដោយចុះបើតាមលោកស្រ៊ុន ពៅ អ្វីដែលធ្វើឲ្យកម្ពុជាព្រួយបារម្ភគឺបារម្ភខ្លាចតែតម្លៃសាច់ជ្រូកនៅប្រទេសថៃឡើងថ្លៃ ហើយក្នុងពេលជាមួយគ្នានេះថៃឈប់ អនុញ្ញាតឲ្យមានការនាំចូលជ្រូកមកកម្ពុជាដែរនោះពិតណាស់នឹងធ្វើឲ្យតម្លៃសាច់ជ្រូកនៅកម្ពុជាបន្តឡើងថ្លៃខ្ពស់កាន់តែខ្លាំង ដូច្នេះពលរដ្ឋកម្ពុជាត្រូវបន្តខិតខំចិញ្ចឹមជ្រូកបន្ថែម ដើម្បីកុំឲ្យកម្ពុជាជួបវិបត្តិសាច់ជ្រូកបានទៀតនោះឡើយ។


លោក ស្រ៊ុន ពៅ បានឲ្យដឹងថា វៀតណាមមានតម្រូវការជ្រូកនាំចូលពី ក្នុងមួយថ្ងៃមានរហូត ២ពាន់ទៅ៣ពាន់ក្បាល៕

 

 

 

អត្ថបទ ស៊ឺន សុន 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024