ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ថ្លៃប្រេងសាំងនៅកម្ពុជា កើនឡើងវិញបន្តិច សម្រាប់ពាក់កណ្តាលខែមិថុនា

០២ មិថុនា ២០២០ | សេដ្ឋកិច្ច

ចាប់ពីថ្ងៃទី ១ ដល់ ទី១៥ ខែមិថុនានេះ តម្លៃប្រេងសាំងធម្មតា កើន ២០០រៀល មកដល់ ២៧០០រៀលក្នុងមួយលីត្រ ហើយតម្លៃប្រេងម៉ាស៊ូត កើន ២០០រៀលដូចគ្នា មកនៅត្រឹម ២៥០០រៀលក្នុងមួយលីត្រ។


តាំងពីដើមឆ្នាំ ២០២០មក តម្លៃប្រេងសាំងនៅកម្ពុជា បន្តធ្លាក់ចុះជាបន្តបន្ទាប់ គឺប្រមាណ ៣៧៥០រៀល នៅដើមខែមករា មកនៅត្រឹម ២២៥០រៀល កាលពីដើមខែឧសភា តែទើបតែចាប់ផ្តើម ងើបឡើងវិញបន្តិច មកនៅត្រឹម ២៧០០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃនេះ ដល់ពាក់កណ្តាលខែ មិថុនា។


បើយើងក្រឡេកទៅលើ តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក យើងឃើញថា បានហក់ឡើងវិញបន្តិចហើយ បន្ទាប់ពី អង្គការប្រទេសនាំចេញប្រេង OPEC និងបណ្តាប្រទេសផលិតប្រេងធំៗ សម្រេចធ្វើការកាត់បន្ថយផលិតកម្មប្រេង ចំនួន ៩លាន ៧សែនបារ៉ែលក្នុងមួយថ្ងៃ ដើម្បីចូលរួមកាត់បន្ថយការផ្គត់ផ្គង់លើសពីតម្រូវការ និងរក្សាស្ថេរភាពថ្លៃប្រេង នៅលើទីផ្សារសកលលោក។

 


គួរជម្រាបបន្ថែមថា តម្លៃប្រេងលើទីផ្សារសកល កើនឡើងបន្តិច ដោយគិតត្រឹមថ្ងៃទី ១ ខែមិថុនា នេះ ទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស កើនឡើងមកនៅជាង ៣៧ដុល្លារ ក្នុងមួយបារ៉ែល ខណៈទីផ្សារអាមេរិក West Texas Intermediate កើនមកនៅជាង ៣៥ដុល្លារក្នុងមួយបារ៉ែល៕

 

បណ្តាប្រទេសបងធំៗប្រេង សម្រេចកាត់បន្ថយផលិតកម្ម


អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024