ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងថាខេត្តព្រះសីហនុនឹងមិនក្លាយជាមាក៉ាវទី២ទេ ប៉ុន្ដែនឹងក្លាយជាច្រមុះសេដ្ឋកិច្ចថ្មីរបស់កម្ពុជា

០២ មិថុនា ២០២០ | សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអះអាងថា ខេត្តព្រះសីហនុក្រុងព្រះសីហនុនេះ នឹងមិនក្លាយជាទីក្រុងម៉ាកាវទី២ ដូចពាក្យចរចាមអារ៉ាមដែលធ្លាប់បានលើកឡើងនោះទេ ប៉ុន្ដែ វានឹងក្លាយជាច្រមុះសេដ្ឋកិច្ចថ្មីជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំប្លង់មេអភិវឌ្ឍខេត្តព្រះសីហនុឲ្យដូចទៅនឹងទីក្រុងស៊ិនជិនរបស់ប្រទេសចិនដែរ។

 

ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ចំពោះការអភិវឌ្ឍដ៏លឿនគំហុកនៅក្នុងខេត្តព្រះសីហនុ ពិសេសលំហូរទុនមកពីប្រទេសចិននោះ គឺពិតជាបានធ្វើឲ្យមានការប៉ះពាល់អវិជ្ជមានមួយចំនួនមែន ពិសេសក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានបិទល្បែងភ្នាល់តាមអនឡាញ។ ប៉ុន្ដែ ឯកឧត្តម សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការសមស្របជាបន្ដបន្ទាប់ ក្នុងការធ្វើឲ្យខេត្តព្រះសីហនុវិលទៅរកការអភិវឌ្ឍល្អប្រសើរឡើងវិញ ក្នុងនោះរាជរដ្ឋាភិបាលបានជួលអ្នករៀបចំប្លង់មេពីទីក្រុងស៊ិនជិន ប្រទេសចិនផ្ទាល់តែម្ដង ឲ្យមករៀបចំប្លង់មេអភិវឌ្ឍក្រុងព្រះសីហនុននេះ ឲ្យមានលក្ខណៈដូចទៅនឹងទីក្រុងស៊ិនជិន ប្រទេសចិនដែរ។

 

ឯកឧត្តម វង្ស៊ី វិស្សុត ធ្លាប់បានមានប្រសាសន៍ថា «វិធានការទី១ គឺការសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើនលើសលុបរបស់រាជរដ្ឋាភិបាលនៅក្នុងទីក្រុងនេះ ក្លាយជាការទាក់ទាញមួយ ប៉ុន្ដែលើសពីនេះទៀត យើងកំពុងរៀបចំ Master Plan សម្រាប់អភិវឌ្ឍខេត្តព្រះសីហនុឲ្យទៅជាខេត្តតំបន់សេដ្ឋកិច្ចពិសេស មានលក្ខណៈដូចទៅនឹងទីក្រុងស៊ិនជិនអញ្ចឹង។ »

 

ឯកឧត្តមបន្ថែមថា បើយើងចង់ឲ្យកំពង់សោមដូចស៊ិនជិន មិនមែនត្រូវការអភិវឌ្ឍនកាស៊ីណូច្រើនទេ វាត្រូវតែជាទីក្រុងឧស្សាហកម្ម វាជាទីក្រុងសេវាកម្មផ្នែក

បច្ចេកវិទ្យា បច្ចេកទេស និងទេសចរណ៍។»

 

អគារខ្ពស់ៗរីកដូចផ្សិតក្នុងខេត្តព្រះសីហនុ (រូបភាព៖ FB/Koh Rong Sihanoukville)

 


លើសពីនេះទៀត បើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ នៅពេលអនាគតខាងមុខ ខេត្តព្រះសីហនុនេះ នឹងក្លាយជាច្រមុះសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដើម្បីអាចនាំចេញទំនិញផ្ទាល់ទៅកាន់ទីផ្សារបរទេស លែងពឹងតែលើច្រកប្រទេសវៀតណាម ឬថៃ ទៀតហើយ។

 

បើតាមឯកឧត្តម វង្ស៊ី វិស្សុត បច្ចុប្បន្ននេះ កម្ពុជាយើង មានច្រកនាំចេញ ៣សំខាន់ ទី១ គឺតាមច្រកប៉ោយប៉ែត ដែលតភ្ជាប់ទៅបណ្ដាញផលិតកម្ម តាមការប្រើច្រមុះសេដ្ឋកិច្ចថៃ។ នាំចេញទៅវៀតណាម ប្រើច្រមុះវៀតណាម ប៉ុន្ដែ សម្រាប់ខេត្តព្រះសីហនុនេះ គឺកម្ពុជាយើង ប្រើចម្រុះខ្លួនឯងផ្ទាល់តែម្ដង ហើយផែនការមេ ដែលបាននិងកំពុងរៀបចំនោះ គឺជាគ្រោងការសំខាន់ណាស់ ដើម្បីកំណត់ទិសដៅការអភិវឌ្ឍខេត្តព្រះសីហនុ ក្នុងរយៈពេល ១០ ទៅ២០ឆ្នាំខាងមុខ។

 

រាជរដ្ឋាភិបាលជឿជាក់ថា នឹងមានការផ្ទេរឧស្សាហកម្មផលិតពីក្រៅប្រទេសមកកាន់ខេត្តព្រះសីហនុ នៅពេលដែលប្លង់មេបានរៀបចំរួច និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ ទឹកភ្លើង កំពង់ផែជាដើមត្រូវបានស្ថាបនារួចរាល់។

 

កាលនៅព្រឹកថ្ងៃចន្ទ ទី ០១ ខែមិថុនានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះពិនិត្យលទ្ធផលនៃការស្ថាបនាផ្លូវក្នុងទីក្រុងព្រះសីហនុដោយផ្ទាល់ផងដែរ។

 

បើតាមសម្តេច តេជោ ផ្លូវស្ថាបនាថ្មីចំនួន ៣៤ខ្សែ ដែលចំណាយថវិការដ្ឋអស់ប្រមាណ ៣០០ លានដុល្លារអាមេរិកនោះ បច្ចុប្បន្នសម្រេចបានការសាងសង់ប្រមាណ ៩០%ហើយ ហើយផ្លូវទាំង៣៤ខ្សែនេះ គឺជាផ្លូវប្រកបដោយប្រណីតភាពដំបូងគេនៅកម្ពុជាផងដែរ ខណៈដែលផ្លូវនេះ បានបើកការដ្ឋានសាងសង់កាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០១៩។

 

ក្រៅពីនេះ រាជរដ្ឋាភិបាល ក៏បាននិងកំពុងអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿនលើកដំបូងរបស់កម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុផងដែរ ដែលបច្ចុប្បន្ននេះ កំពុងដំណើរការសាងសង់ និងគ្រោងបញ្ចប់នៅមុនខែកញ្ញាឆ្នាំ ២០២២ខាងមុខ។

 

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផែនក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាមួយចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ៕

អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024