ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អង្គការផ្តោតលើសិទ្ធិកុមារចំនួន ៦ ត្រៀមខ្លួនសហការ និងគាំទ្ររដ្ឋាភិបាលកម្ពុជា ដើម្បីជួយកុមារ ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩

០២ មិថុនា ២០២០ | ព័ត៌មានជាតិ

សម្ព័ន្ធ Joining Force ដែលមានអង្គការសមាជិកធ្វើការផ្តោតលើសិទ្ធិកុមារចំនួន៦ បានប្រកាសត្រៀមខ្លួនចូលរួមសហការ និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលដទៃទៀត ដើម្បីឆ្លើយតប និងស្តារឡើងវិញពីជំងឺកូវីដ១៩ ដើម្បីធានាថា កុមារនឹងបន្តមានសុវត្ថិភាពទាំងពេលបច្ចុប្បន្ន និងអនាគត។


ក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃទី១ ខែមិថុនា ដែលជាខួបលើកទី៧១ នៃទិវាកុមារអន្តរជាតិ អង្គការទាំងនេះបានគូសបញ្ជាក់ថា ការអប់រំកុមារទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយជំងឺកូវីដ១៩ នៅកម្ពុជា។ យោងតាមការស្ទង់មតិដែលធ្វើឡើងដោយសម្ព័ន្ធ Joining Force និងអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា ជាមួយកុមារមានអាយុចន្លោះពី១០ ទៅ១៧ឆ្នាំ បានឲ្យដឹងថា ខណៈពេលដែលកុមារបន្តការរៀនសូត្រតាមផ្ទះ តែពាក់កណ្តាលនៃពួកគេកំពុងសិក្សាតិចជាង ១០ម៉ោងក្នុងមួយសប្តាហ៍ ពោលគឺតែពាក់កណ្តាលនៃម៉ោងសិក្សានៅសាសា។

 


ការស្ទង់មតិថ្មីនេះ បានបញ្ជាក់ថា សិស្សពាក់កណ្តាលប្រឈមនឹងបញ្ហាមិនទទួលការសិក្សាតាមអ៊ីនធើណិត ដោយសារឧបសគ្គនៃការតភ្ជាប់បណ្តាញអ៊ីនធើណិត។ ការវាយតម្លៃ និងស្ទង់មតិជាបន្តបន្ទាប់បានបង្ហាញផងដែរថា ជំងឺកូវីដ១៩ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខុមោលភាពរបស់កុមារ។ អង្គការផ្តោតលើសិទ្ធិកុមារទាំង៦នេះ ក៏បានបង្ហាញការព្រួយបារម្ភពីការងាយរងគ្រោះ ជាពិសេសក្មេងស្រី ជនពិការ និងសហគមន៍ដែលងាយរងផលប៉ះពាល់ខាងការអប់រំ សង្គម និងសេដ្ឋកិច្ចយ៉ាងធំធេងនៃវិបត្តិនេះ។


គូរជម្រាប ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍ នៅថ្ងៃទី១៦ ខែមីនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទសាលារៀនគ្រប់ប្រភេទ និងគ្រប់កម្រិតសិក្សាទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើប៉ះពាល់ដល់ការសិក្សារបស់សិស្សជាង ៣លាននាក់។ ស្ថានភាពបែបនេះ បានធ្វើឲ្យកម្មវិធីសិក្សានៅទូទាំងប្រទេសត្រូវបានផ្លាស់ប្ដូរពីការសិក្សានៅតាមសាលារៀនផ្ទាល់មកជាការសិក្សាតាមប្រព័ន្ធអនឡាញ (Online) ទាំងស្រុង ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

 


ការបង្កើតឲ្យមានការសិក្សាពីចម្ងាយ និងប្រព័ន្ធអេឡិចត្រូនិកជាលើកដំបូងបង្អស់នេះ តាមរយៈការផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ គេហទំព័រ ទំព័រហ្វេសប៊ុកជាដើម ដើម្បីជួយសម្រួលក្នុងការសិក្សា និងការបង្រៀននៅទូទាំងប្រទេស មុនពេលដែលក្រសួងអប់រំអាចនឹងបើកសាលារៀនឡើងវិញនៅខែវិច្ឆិកា ដែលជាពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ប្រសិនបើជំងឺកូវីដ១៩ មិនមានការរីករាលដាលបន្តទៀតទេនោះ៕


អត្ថបទ៖ អឿន ភារ៉ា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024