ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ប៉ិន ឧត្តម ប្តេជ្ញាចិត្តជួយអាស៊ីអឺរ៉ុប ឲ្យទទួលបានលទ្ធផលល្អជាងឆ្នាំមុន

០២ មិថុនា ២០២០ | កីឡា

ក្រោយលីគកំពូលកម្ពុជាសម្រាកជាច្រើនសប្តាហ៍កន្លងមក ដែលធ្វើអោយកាលវិភាគលីគមានការប្រែប្រួល ហើយក្រុមទាំងអស់ក្នុងលីគកំពូលកម្ពុជាក៏មានការរៀបចំផែនការណ៍ថ្មីដូចគ្នានោះ ខ្សែបម្រើកណ្តាលអាស៊ីអឺរ៉ុបយូណាយធីត ប៉ិន ឧត្តម បានលើកឡើងថាខ្លួនប្តេជ្ញាខំប្រឹងអោយអស់ពីសមត្ថភាពដើម្បីជួយក្រុម ស្របតាមផែនការណថ្មីរបស់ក្រុមផងដែរ ដើម្បីជួយអាស៊ីអឺរ៉ុបទទួលបានលទ្ធផលល្អមួយក្រោយបញ្ចប់លីគរដូវកាល២០២០នេះ ។

 


ខ្សែបម្រើសំបូរបទពិសោធក្នុងលីគលើកឡើងបែបនេះ បន្ទាប់ពីលីគកំពូលកម្ពុជាគ្រោងនឹងបន្តវិញនាពេលខាងមុខ៖ «សម្រាប់ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបពួកយើង គឺមានការរៀបចំការហ្វឹកហាត់ថ្មី ហើយកីឡាករទាំងអស់បានប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាឡើងវិញ ដើម្បីត្រៀមប្រកួតដណ្តើមពានរង្វាន់លីគ ហើយការតាំងចិត្តរបស់ពួកខ្ញុំក៏បានល្អដែរ ព្រោះពួកកន្លងមកពួកយើងបានហ្វឹកហាត់រាល់ថ្ងៃនៅកន្លែងផ្សេងគ្នា យើងបែងចែកតំបន់គ្នាអញ្ចឹងទៅ។ ពួកយើងក៏មានគោលដៅដែរ យើងដាក់គោលដៅខ្លួនដើម្បីដណ្តើមចំណាត់ថ្នាក់ល្អៗជាងរដូវកាលមុន ដើម្បីកិត្តិយសគ្រូ និង ក្លិបឲ្យមានឈ្មោះជាងមុន ហើយពួកយើងជាកីឡាករត្រូវប្រឹងដើម្បីពួកគាត់»។

 
ឧត្តម បន្ថែមថា ការប្រកួតប្រជែងឆ្នាំនេះមានការលំបាកជាងឆ្នាំមុនៗ ដ្បិតក្លិបធំៗបានពង្រឹងគុណភាពក្រុមកាន់តែខ្លាំងដើម្បីប្រជែងជើងឯក ដែលធ្វើអោយក្រុមមធ្យមមានភាពលំបាកក្នុងការប្រជែង ហើយត្រុវពង្រឹងខ្លួនអោយកាន់តែខ្លាំងដើម្បីកាត់បន្ថយគម្លាតសមត្ថភាពក្រុម។

 


«ការមើលឃើញរបស់ខ្ញុំ ឃើញក្លិបធំៗមួយចំនួនមានការផ្លាស់ប្តូរកីឡាករបរទេស និង កីឡាករខ្មែរដែលមានបទពិសោធហើយល្អៗច្រើន អញ្ចឹងធ្វើអោយរដូវកាល២០២០នេះ ធ្វើអោយក្រុមដែលមិនសូវខ្លាំង មិនសូវខ្សោយ ម៉ាល្មមហ្នឹង គឺត្រូវតែហ្វឹកហាត់ខ្លាំង ត្រូវតែប្រកួតប្រជែងខ្លាំង ដើម្បីកុំអោយពិបាកក្នុងការប្រកួតប្រជែងជាមួយក្លិបធំៗ ព្រោះរដូវកាលនេះក្លិបធំៗគាត់បានពង្រឹង កីឡាកររបស់គាត់ដើម្បីប្រកួតប្រជែងដណ្តើមជើងឯក»។


គួររំឭកថា ប៉ិន ឧត្តម ផ្តើមអាជីពបាល់ជាតិដំបូងជាមួយអាស៊ីអឺរ៉ុបតាំងពីឆ្នាំ២០០៩ ក្នុងក្របខណ្ឌ ក២ និងជួយឲ្យក្រុមនេះឡើងមកលីគកំពូលកម្ពុជា ក្នុងឆ្នាំ២០១១ ក្រោយមកក៏ផ្លាស់មកចូលរួមជាមួយ Albirex Niigita ក្នុងឆ្នាំ២០១៤។ បន្ទាប់ពីចំណាយពេលជាមួយក្រុមនេះមួយរដូវកាល រូបគេក៏ផ្លាស់មកចូលរួមជាមួយ Cambodian Tiger ដោយចំណាយពេល ៣រដូវកាល ពីឆ្នាំ ២០១៥ដល់ ២០១៧ មុនត្រឡប់ទៅចូលរួមជាមួយអាស៊ីអឺរ៉ុបវិញក្នុងឆ្នាំ២០១៨ ហើយឆ្នាំ២០១៩កន្លងទៅ បានទៅរួមរស់ជាមួយអគ្គិសនីកម្ពុជាមួយរដូវកាល មុនត្រឡប់មកចូលរួមជាមួយអាស៊ីអឺរ៉ុបជាថ្មី កាលពីដើមឆ្នាំ២០២០កន្លងទៅ ។ គួរដឹងដែរថា កាលពីរដូវកាល ២០១៩កន្លងទៅ អាស៊ីអឺរ៉ុបយូណាយធីត ឈរនៅលេខរៀងទី ៩ក្នុងតារាងពិន្ទុក្រោយបញ្ចប់រដូវកាល។ ដោយឡែករដូវកាលនេះ ពួកគេកំពុងឈរនៅលេខរៀងទី៨ ក្រោយលីគដំណើរការបាន៥សប្តាហ៍កន្លងទៅ៕


អត្ថបទ និងរូបភាព៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024