ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប៉ុន សុរ៉ាវត្តី មានយីអ៊ុនស្រឺតៗ ទាំងមិនទាន់ជាន់ឆាកប្រកួតអន្តរជាតិ

០១ មិថុនា ២០២០ | កម្សាន្ដ

ពិតជាខុសប្លែកពីបវរកញ្ញា និងកញ្ញាឯកទូទៅ ដែលទទួលបានប្រជាប្រិយភាពក្នុងវិស័យសិល្បៈ ក្រោយត្រឡប់មកពីការប្រកួត ឬក្រោយទទួលបានជ័យលាភីអ្វីមួយពីកម្មវិធីប្រកួតថ្នាក់អន្តរ ប៉ុន្តែបវរកញ្ញាភពផែនដី២០២០ កញ្ញា ប៉ុន សុរ៉ាវត្តី ហាក់ខុសពីគេឯងដោយនាងកំពុងមានយីអ៊ុនស្រឺតៗ ទាំងមិនទាន់ទាំងបានបោះជំហានដល់កម្មវិធីខ្នាតអន្តរជាតិផង។

 

តាមការឲ្យដឹងពី រំដួលលិចទឹក អ្នកច្នៃម៉ូដក៏ប៉ិនប្រសប់ ជំនាញខាងកែច្នៃវត្ថុធាតុដើមរបស់ខ្មែរ និងជាអ្នកបណ្តុះបណ្តាល Miss Planet Cambodia 2020ផ្ទាល់ សព្វថ្ងៃនេះ វត្តី ពិតជាកំពុងមមាញឹកខ្លាំងជាមួយការងារថតម៉ូដសម្អាងការ ថតផ្សព្វផ្សាយផលិតផល ហើយថែមទាំងកំពុងថតភាពយន្តភាគឲ្យទូរទស្សន៍ក្នុងស្រុកថែមទៀតផង។

 


រំដូលលិចទឹកបញ្ជាក់បន្ថែមថា រឿងភាគនេះជាស្នាដៃដំបូងរបស់ Miss Planet Cambodia 2020 លើវិថីសិល្បៈ។ រឿងនេះជាប្រភេទរឿងបុរាណឆ្លងមកសម័យ ហើយក្នុងរឿងនេះទៀតសោត នាងសម្តែងជាតួអង្គ២ មួយស្លូត មួយកាច។

 


តាមការសង្កេតផ្ទាល់របស់រំដួលលិចទឹក ដែលជាអ្នកជ្រោមជ្រែង ត្រួសត្រាយ និងបង្ហាត់បង្ហាញផ្ទាល់ដល់បវរកញ្ញាភពផែនដីថ្ពាល់ខួចសងខាងនេះ ស្នាដៃដំបូងនេះ វត្តី មើលទៅដើរតួស្លូតបានល្អជាងតួកាច ព្រោះអត្តចរិកធម្មជាតិរបស់នាង សុភាពរាបសារ សមសួន ដូច្នេះហើយតួស្លូតបូតពិតជាស៊ីសង្វាក់ជាមួយនាង។
យ៉ាងណាមិញ ហាងឆេងដែលកំពុងឡើងស្រឺតៗរបស់ Miss Planet Cambodia 2020 មិនមែនជាសញ្ញាល្អប៉ុន្មាននោះទេក្នុងនាមជាបវរកញ្ញាភពផែនដីតំណាងឲ្យកម្ពុជា ទៅប្រកួតកម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ ទាំងដែលការប្រកួតអន្តរជាតិមិនទាន់បានចាប់ផ្តើម។

 


ការមានហាងឆេងសិល្បៈមុនការប្រកួតយ៉ាងដូច្នេះ ហុចមកទាំងផលល្អ និងបញ្ហាបន្តិវបន្តួច។ ផលល្អ គឺនាងទទួលបានឱកាសពីបណ្តាផលិតផល និងផលិតករ ក្នុងការបញ្ចេញ ទេពកោសល្យ ភាពប៉ិនប្រសព្វ បង្កើនសមត្ថភាពឲ្យគេស្គាល់ ចំណែកបញ្ហាបន្តិចបន្តួចនោះគឺនាងមិនទាន់បានចូលរួមការប្រកួត នាងមិនទាន់អាចចូលរួមថតនោះទេ ប៉ុន្តែ តាមបច្ចុបន្នភាពនាងត្រូវតែធ្វើព្រោះកត្តាជីវភាព។


ទោះអាចទទួលការងារបានជាធម្មតា តែគ្រប់យ៉ាងមានដែនកំណត់ មិនអាចចេះតែទទួលថតបានទេ ពិសេសការងារណាដែលបង្ហាញភាពស៊ិចស៊ីជ្រុលហួសព្រំដែន ហួសភាពជាស្ត្រី។ ជាស្រី្តតំណាងឲ្យកម្ពុជាឆ្ពោះទៅឆាកអន្តរជាតិ នាងត្រូវតែប្រុងប្រយ័ត្នពីអត្តចរិក អាកប្បកិរយា សម្តីសំដៅ និងចរិយាមាយាទ។
នេះបើតាមការបញ្ជាក់បន្ថែមរបស់ រំដួលលិចទឹក។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា
រូបភាព៖ ទំព័រហ្វេសប៊ុក @Soravattey Pon

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024