ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

រយៈពេល ១ខែ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នគរបាលផាកពិន័យបានទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល

០១ មិថុនា ២០២០ | ព័ត៌មានជាតិ

អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល១ខែ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ កម្លាំងនគរបាលចរាចរណ៍ បានផាកពិន័យយានយន្តបានទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល។

 


ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក រយៈពេល១ខែដំបូង ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។
ឯកឧត្តម បញ្ជាក់ថា ក្នុងចំណោមយានយន្តល្មើសច្បាប់ទាំងអស់ មានប្រមាណ២០ភាគរយ មិនទាន់មកបង់ប្រាក់ផាកពិន័យនៅឡើយទេ។
ឯកឧត្តមធ្លាប់មានប្រសាសន៍ថា ថវិការផាកពិន័យបទល្មើសចរាចរណ៍៧០%ត្រូវបានផ្តល់ដល់នគរបាលចរាចរណ៍ និង២៥% ដល់អង្គភាពដូចជា អធិការនគរបាល ស្នងការដ្ឋាននគរបាល ការិយាល័យនៃស្នងការដ្ឋាន និងនាយកដ្ឋាន ។ ចំណែក៥%ទៀតជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ជវត្ថុ ។

 

 

សូមជំរាបថា រយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧%។

 


បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់)។ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦លើក) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នក របួសថយចុះ២៦នាក់ ស្មើ៧%(៣៤២/៣៦៨នាក់)៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024