ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បុណ្យកឋិនទាន នឹងចូលមកដល់នៅថ្ងៃទី២២តុលា ឆ្នាំនេះ ប្រារព្ធតាមគន្លងថ្មី

២១ តុលា ២០២១ | ព័ត៌មានជាតិ

 


បុណ្យកឋិនទាន នៅឆ្នាំនេះ នឹងចូលមកដល់ នៅថ្ងៃទី២២ ខែតុលាស្អែកនេះ។ ក្រសួងធម្មការ និងសាសនា បានប្រកាសឲ្យប្រារព្ធជាធម្មតា តែតាមគន្លងថ្មី ដើម្បីទប់ស្កាត់ និងការពារនូវការឆ្លងរាលដាលជំងឺកូវីដ១៩។ ក្នុងនោះ ក្រសួង ក៏បានហាមឃាត់ មិនឲ្យផ្សព្វផ្សាយកម្មវិធីបុណ្យកឋិន និងដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ឡើយ។ ក្រសួងធម្មការ និងសាសនា បានប្រកាសថា ពិធីបុណ្យកឋិនទាន នៅឆ្នាំនេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃសុក្រ ទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ 


ដើម្បីរៀបចំបុណ្យកឋិនទានឱ្យដំណើរការ នឹងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្ដីណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី តាមសភាពជាក់ស្តែងនៃទីកន្លែងនីមួយៗ ក្រសួងធម្មការ និងសាសនា បានណែនាំឲ្យអនុវត្តវិធានការចាំបាច់នានា សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។ 

 


ក្រសួងធម្មការ និងសាសនា ក៏បានណែនាំដល់មន្ទីរធម្មការ និងសាសនា រាជធានីខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណ:ឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ កឋិនទានស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ ៣កុំ”។

 


ដោយសារតែបញ្ហាកូវីដ បុណ្យកឋិននៅឆ្នាំនេះ ក៏ត្រូវបានក្រសួងធម្មការ និងសាសនា ហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យ ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេនត្រៃចីវរ ជាកិច្ចសម្រេចបុណ្យ៕

 

 

អត្ថបទ៖ លី ម៉េងហួរ    រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024