ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ស្រលាញ់គ្នា ៥ឆ្នាំ សុខ សោម៉ាវត្តី ពោលថាកម្លោះសង្ហា លី វ៉ាហេទ ហួស Target ដែលនាងធ្លាប់ចង់បាន

២១ តុលា ២០២១ | កម្សាន្ដ


គិតមកទល់ពេលនេះ រយៈពេល៥ឆ្នាំហើយ ដែលពិធីការនី និងតារាសម្ដែងល្បីឈ្មោះ អ្នកនាង សុខសោម៉ាវត្តី និងកម្លោះសង្ហា លី វ៉ាហេទ បានស្រលាញ់គ្នា។ ក្នុងថ្ងៃគម្រប់ខួបស្នេហ៍ ៥ឆ្នាំរបស់អ្នកទាំងពីរ សុខ សោម៉ាវត្តី ពោលឡើងថា កម្លោះសង្ហា លី វ៉ាហេទ ហួស Target ដែលនាងធ្លាប់ចង់បាន។

 


ភ្លេចៗខ្លួនចំណងស្នេហាអ្នកមេម៉ាយកូនមួយ សុខ សុម៉ាវត្តី និងកម្លោះសង្ហាកីឡាករបាល់ទាត់ លី វ៉ាហេទ ឈានដល់ខួបគម្រប់ ៥ឆ្នាំហើយ។ បើទោះមិនទាន់រៀបការក៏ពិតមែន តែចំណងស្នេហ៍របស់អ្នកទាំងពីរ នៅតែបណ្តឹងចំណងស្នេហ៍កាន់តែស្អិតល្មួត និង ផ្អែមល្ហែមដូចដើម។ បើគិតមកទល់ពេលនេះ អ្នកមេម៉ាយ សុខ សុម៉ាវត្តី និងកម្លោះសង្ហារូបនេះ បានឆ្លងកាត់នូវរឿងរ៉ាវក្នុងនាមជាជីវិតគូនឹងគ្នាក៏មិនតិចនោះដែរ ។

 

 

តាមការបង្ហោះជាសាធារណលើទំព័រហ្វេសប៊ុកផ្លូវការរបស់ អ្នកមេម៉ាយក្តៅស្រួយ សុខ សុម៉ាវត្តី ម្សិលមិញគឺជាថ្ងៃគម្រប់ខួបស្នេហ៍ ៥ឆ្នាំ របស់នាង និងកីឡាករបាល់ទាត់ លី វ៉ាហេទ។ ក្នុងថ្ងៃគម្រប់ខួបស្នេហ៍ ៥ឆ្នាំ សុខ សោម៉ាវត្តី រៀបរាប់ថា៖ «នៅថ្ងៃដំបូងដែលខ្ញុំជួបអ្នកខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំសំណាងបាត់ទៅហើយដែលបានស្គាល់មិត្តល្អដូចជាអ្នក ព្រោះមនុស្សគ្រប់គ្នារួមទាំងខ្ញុំតែងតែសើចញញឹម និងពេញចិត្តនូវអត្តចរិត ការធ្វើល្អ គិតល្អរបស់អ្នក រហូតមកដល់ថ្ងៃមួយដែលខ្ញុំសំរេចចិត្តច្បាស់លាស់ហើយថា ខ្ញុំនិងកាន់ដៃអ្នកឆ្លងផ្លូវពិបាក និង ឧបសគ្គរួមគ្នា ហើយក៏លួចផ្សងថាទោះមានរឿងអីក៏ដោយសុំអោយតែគាត់ « ច្បាស់លាស់ » ព្រោះខ្ញុំខ្លួនឯងចាស់ហើយលែងមានពេលគិតនិងចំណាយពេលមើលចិត្តអ្នកណាច្រើនទៀតហើយ តែជាសំណាងអាក្រក់អីមើលគាត់លេងៗសោះ 5 ឆ្នាំទៅហើយបងប្អូន 5 ឆ្នាំដែលបងផ្តល់អោយ វាលើសពីមនុស្សដែលអូនចង់បានហើយ (ហួស Target ហើយហ៊ា)»។

 


មេម៉ាយចាយរាង សុខ សោម៉ាវត្តី ពោលបន្តយ៉ាងផ្អែមល្ហែមថា៖ «បើ 5ឆ្នាំកន្លងមកការធ្វើល្អវាជាកុហក ការលួងលោម ហ៊ាហា៎អូនសុំអាម៉ូតដូច 5ឆ្នាំកន្លងមកនេះ តែ 60ឆ្នាំទៀតបានហើយណា។ Happy anniversary 5 year ប្អូនប្រុសកំពូលស្នេហ៍»។

 


គួររំលឹកថា ទំនាក់ទំនងស្នេហារវាង ពិធីការនី និងតារាសម្ដែងល្បីឈ្មោះ អ្នកនាង សុខសោម៉ាវត្តី និងកម្លោះសង្ហា លី វ៉ាហេទ ត្រូវគេដឹងថា បានកើតឡើងបន្ទាប់ពីអ្នកទាំងពីរ បានចូលរួមសម្ដែងរឿង «ខូចចិត្តអាជីព» ជាមួយគ្នាលើកដំបូងឱ្យ ផលិតកម្ម រ៉ក់ កាលច្រើនឆ្នាំកន្លងទៅ។

 


ទម្រាំសាងបានសុភមង្គលដូចសព្វថ្ងៃនេះ សុខ សោម៉ាវត្តី និង លី វ៉ាហេទ ជួបរឿងរ៉ាវច្រើនរាប់មិនអស់ និងធ្លាប់ជួបរឿងហូរទឹកភ្នែកជាច្រើនដង។ គេថែមទាំងដឹងទៀតថា កន្លងមក សុខ សោម៉ាវត្តី ធ្លាប់សុំ វ៉ាហេទ បែកគ្នាម្ដងជាពីរដង ព្រោះនាងបានរងសម្ពាធផ្លូវចិត្តខ្លាំង ដោយសារតែបានដឹង និងឮពីពាក្យបន្តុះបង្អាប់របស់មនុស្សជុំវិញខ្លួនមួយចំនួនថា វ៉ាហេទ មានវ័យក្មេងជាង ហេតុអ្វីទៅស្រឡាញ់មនុស្សស្រីដែលមានវ័យច្រើនជាងខ្លួនដូចនាង ហើយថែមទាំងមេម៉ាយទៀត។ 

 


ត្បិតឧបសគ្គច្រើនរាប់មិនអស់ តែអំណាចនៃក្ដីស្រឡាញ់របស់អ្នកទាំងពីរហាក់ច្រើនលើសលុប រហូតលុបបាត់រឿងរ៉ាវទាំងនេះ និងសាងបានចំណងស្នេហាមួយដ៏រឹងមាំដូចសព្វថ្ងៃនេះ។ 

 


ចាប់តាំងពីបើកបង្ហាញទំនាក់ទំនងស្នេហាខុសវ័យនេះមក សុខ សោម៉ាវត្តី និង លី វ៉ាហេទ តែងតែបង្ហាញភាពផ្អែមល្ហែមតាមបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម របស់អ្នកទាំងពីរ ហើយកាន់តែផ្អែមល្ហែមក្នុងថ្ងៃពិសេសផ្សេងៗរបស់អ្នកទាំងពីរ តួយ៉ាងដូចជា ថ្ងៃខួបកំណើត ថ្ងៃគម្រប់ខួបស្នេហ៍ និងថ្ងៃពិសេសផ្សេងៗ។ 

 


កម្លោះសង្ហាកីឡាករបាល់ទាត់ លី វ៉ាហេទ មិនត្រឹមតែយកឈ្នះចិត្តអ្នកមេម៉ាយក្តៅស្រួយ សុខ សុម៉ាវត្តី ប៉ុណ្ណោះទេ សូម្បីកូនស្រីបណ្តូលចិត្តតែម្នាក់របស់នាងក៏ស្រលាញ់លោកខ្លាំងដែរ។ ជាញឹកញាប់ គេឃើញអ្នកទាំងបីថតរូបរួមគ្នាលក្ខណៈគ្រួសារ មើលទៅមានសុភមង្គលខ្លាំង។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ PNN & Facebook

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024