ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធរខេត្តសៀមរាប ទទួលពលរដ្ឋឆ្លងដែនខុសច្បាប់១៩នាក់ ដែលត្រូវមេខ្យល់យកទៅទម្លាក់ចោល ឲ្យដេកកណ្តាលព្រៃ

០១ មិថុនា ២០២០ | ព័ត៌មានជាតិ

បងប្អូនប្រជាពលរដ្ឋ រូមជាមួយកូនតូចៗសរុបចំនួន ១៩នាក់ រស់នៅខេត្តសៀមរាប ដែលបានធ្វើដំណើរទៅតាមមេខ្យល់យកទៅទម្លាក់ចោលឲ្យដេកកណ្តាលព្រៃ ដើម្បីលួចឆ្លងដែនខុសច្បាប់ចូលទៅធ្វើការនៅប្រទេសថៃ ត្រូវបានមេភូមិរុន ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន។


ក្រោយពីបានទទួលដំណឹង ពីការឃាត់បានប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេសដោយឆ្លងដែនខុសច្បាប់ លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត រួមទាំងអស់លោក-លោកស្រី ក្រុមការងារទទួលប្រជាពលរដ្ឋវិលត្រឡប់ពីក្រៅប្រទេស បានទៅទទួលបងប្អូនទាំងនោះ ពីអាជ្ញាធរឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកវិញ។

 


តាមការបញ្ជាក់របស់អាជ្ញាធរ នៅវេលាម៉ោង ២២ និង ៣០នាទី រាត្រីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ ទទួលព័ត៌មានពីអ្នកចាំចំការថា មានមនុស្សចាស់ក្មេងប្រុសស្រីប្រមាណ ១៩នាក់ មកពីស្រុកពួក ខេត្តសៀមរាប ត្រូវបានមេខ្យល់បោកប្រាស់ ហើយយកមកទម្លាក់ចោលឲ្យដេកនៅកណ្តាលព្រៃចំការ ចំណុចក្លិនទា ភូមិរុន ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅពេលសួរនាំ អ្នកទាំងអស់នោះប្រាប់ថា ដោយសារអ្នកបើករថយន្តវង្វេងផ្លូវ ទើបទម្លាក់ពួកគាត់ទុកនៅក្នុងព្រៃ ហើយបើករថយន្តរត់ចោលបាត់។ ពលរដ្ឋជាង ២០នាក់នោះ ត្រូវបានអាជ្ញាធរ ដឹកតាមរថយន្តនាំមកនៅផ្ទះរបស់ខ្លួន លុះព្រឹកថ្ងៃទី២៩ ឧសភា ទើបនាំបន្តទៅសាលាឃុំសិង្ហ រង់ចាំអាជ្ញាធរខេត្តសៀមរាបមកទទួលយក។

 

 
ក្នុងឱកាសទទួលបងប្អូនប្រជាពលរដ្ឋទាំង ១៩នាក់នោះ អភិបាលរងខេត្តសៀមរាបបានធ្វើការណែនាំ និងផ្សព្វផ្សាយ ពីសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ ១៣៩៦ សជណ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា និងសុំឲ្យបងប្អូនកុំឲ្យចាញ់ឧបាយកលរបស់មេខ្យល់ ដោយបាននាំឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាង ក្នុងខណៈពេលដែលប្រទេសជិតខាងកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើមី្បបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024