ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

កម្ពុជាប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនៅថ្ងៃនេះ

២០ តុលា ២០២១ | សេដ្ឋកិច្ច



រាជរដ្ឋាភិបាលនៅថ្ងៃនេះបានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥នៅថ្ងៃនេះហើយ ហើយរំពឹងថា ផែនការនេះនឹងចូលរួមលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាបថែមមួយកម្រិតទៀត។ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័តកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១។


ថ្លែងក្នុងពិធីប្រកាសជាផ្លូវការ នៃការដាក់ឲ្យ អនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឯកឧត្តម សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ផែនការមេនេះជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ និងមានចក្ខុវិស័យវែងឆ្ងាយក្នុងដំណើរការអភិវឌ្ឍន៍វិស័យទេសចរក្នុងខេត្តសៀមរាប ដើម្បីធ្វើជាជន្ទល់ដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច ដែលក្នុងនោះកំណើននៃការមកដល់នៃភ្ញៀវទេសចរអន្តរជាតិបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនចំណូលជូនជាតិ។

 


កន្លងមកក្រសួងទេសចរណ៍ ធ្លាប់បានលើកឡើងថា តាមរយៈផែនការមេនេះ ខេត្តសៀមរាបរំពឹងនឹងអាចទាក់ទាញបានភ្ញៀវទេសចរជាតិបានជាង ១០លាននាក់នៅឆ្នាំ ២០២៣ និងភ្ញៀវទេសចរអន្តរជាតិជាង ៧លាននាក់នៅឆ្នាំ ២០២៥។ តាមរយៈនេះ រដ្ឋាភិបាលក៏មានចក្ខុវិស័យបង្កើតការងារឱ្យបាន ៩៤ ម៉ឺននាក់ និងប្រាក់ចំណូលហូរចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ ៦ ពាន់លានដុល្លារ។

 


ជាមួយគ្នានេះឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសបញ្ជាក់ដែរថា ផែនការមេនេះក៏នឹងជួយធ្វើឱ្យខេត្តសៀមរាប និងតំបន់នៅជុំវិញក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពឆ្ពោះទៅឆ្នាំ ២០៣៥ តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រមួយចំនួនដូចជា ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពក្នុងខេត្ត ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ការពង្រឹងគុណភាព និងនិរន្តរភាព ការគ្រប់គ្រងបរិស្ថាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ និងការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តនេះ៕
 

 

 

 អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024