ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

មួយភាគបី នៃប្រជាជនថៃ អះអាងថា ស្ថានភាពហិរញ្ញវត្ថុគឺ អាក្រក់

២០ តុលា ២០២១ | សេដ្ឋកិច្ច


តាមការស្រាវជ្រាវអំពីផលប៉ះពាល់នៃវិបត្តិមេរោគកូវីដ របស់ក្រុមហ៊ុន Ipsos ប្រទេសថៃ បានរកឃើញថា ៣៦% នៃប្រជាជនថៃ អះអាងថា ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេគឺ អាក្រក់ ហើយវាជាអត្រាខ្ពស់ជាងគេបំផុតនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយ នៅលើសារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។


លោកស្រី យ៉ូសាណា នាយកគ្រប់គ្រងនៃក្រុមហ៊ុន Ipsos ប្រទេសថៃ ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារធំជាងគេលំដាប់ទី ៣ នៅលើសកលលោក បានបញ្ជាក់ថា ក្នុងការស្រាវជ្រាវទៅលើ ផលប៉ះពាល់នៃមេរោគកូវីដ១៩ មកលើ ឥរិយាបថរបស់អ្នកប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានរកឃើញថា ៣៦% នៃប្រជាជនថៃ ដែលបានចូលរួមការស្ទង់មតិនេះ បានលើកឡើងថា ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ គឺ អាក្រក់។


ដូច្នេះ នៅក្នុងរយៈពេល ៦ខែខាងមុខ ទំនោរនៃការចំណាយរបស់ប្រជាជនថៃ អាចនឹងធ្លាក់ចុះទាបជាង បណ្តាប្រទេសជិតខាង ដែលជួបប្រទះនឹងការផ្ទុះឡើងនូវមេរោគកូវីដ១៩ ប្រហាក់ប្រហែលគ្នានេះ។


លោកស្រី យ៉ូសាណា បន្តថា មានតែ ៤៧% នៃប្រជាជនថៃ ដែលគិតថា ស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេនឹងប្រសើរឡើងវិញ ហើយពួកគេនឹងចាប់ផ្តើមគិតបន្ថែមអំពីការចំណាយនានា។


បើទោះបីជា គ្មានការហាមឃាត់ទៅលើការធ្វើដំណើរទៀតក៏ដោយ ប្រជាជនថៃ នឹងចំណាយទៅលើ ម្ហូបអាហារ និងផលិតផលសម្ភារៈប្រចាំថ្ងៃ ជាជាងការចំណាយទៅលើ ដំណើរកម្សាន្ត ហាងកម្សាន្ត សម្លៀកបំពាក់ជាដើម។


ការស្ទង់មតិនេះ ក៏បានរកឃើញទៀតថា ការទិញផ្ទះ និងរថយន្ត មានការធ្លាក់ចុះខ្លាំង អំឡុងពេលផ្ទុះឡើងនៃមេរោគកូវីដ១៩ ទាំង ៣លើកនេះ។
បើទោះបីជា វិធានការចាក់វ៉ាក់សាំង នឹងធ្វើឲ្យស្ថានការណ៍កាន់តែប្រសើរក៏ដោយ វាត្រូវការពេលវេលាច្រើន ដើម្បីកសាងទំនុកចិត្តរបស់ប្រជាជនថៃឡើងវិញ ដូច្នេះហើយ ការចំណាយរបស់ពួកគេ នឹងមិនហក់ឡើងវិញឆាប់ៗនោះទេ។

 


យ៉ាងណាក៏ដោយ ការស្ទង់មតិនេះ ក៏បានរកឃើញថា ប្រជាជនថៃ ចំណាយពេលវេលាច្រើន នៅលើបណ្តាញសង្គម និងទិញទំនិញតាមអនឡាញ ដោយប្រើប្រាស់ជម្រើសបង់ប្រាក់ឌីជីថល៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា  និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024