ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

សម្តេចវិបុលសេនាភក្តី សាយ ឈុំ  អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ឯកឧត្តម ស្វាយ សំអ៊ាង ជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង 

២០ តុលា ២០២១ | ព័ត៌មានជាតិ


ស្ទឹងត្រែង ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែង ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគីរី មកជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងជំនួស ឯកឧត្តម ម៉ុម សារឿន ដែលត្រូវតែងតាំងជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តរតនគិរី ដែលនឹងត្រូវទទួលភារកិច្ចថ្មី ។

 

 

ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានប្ដេជ្ញាថា ឯកឧត្តម នឹងខិតខំប្រឹងប្រែង បំពេញការងារ ឱ្យបានល្អខិតខំធ្វើការអភិវឌ្ឍ រីកចម្រើន និងអភិវឌ្ឍន៍ថ្មីៗ បន្ថែមទៀត ស្របតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្ដល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំគណបក្សខេត្តនិងអង្គការចាត់តាំងគណបក្សគ្រប់លំដាប់ថ្នាក់ប្រកបដោយការទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់។ 

 

 

មានប្រសាសន៍ក្នុងឱកាសនោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកសរសើរដល់ស្នាដៃអភិវឌ្ឍន៍របស់ ឯកឧត្តម ម៉ុម សារឿន  ដែលបានធ្វើឱ្យខេត្តស្ទឹងត្រែង មានការរីកចម្រើន គួរកត់សំគាល់ ជាមួយគ្នានេះដែរសម្តេចវិបុលសេនាភក្តី ក៍បានផ្តាំផ្ញើ ឯកឧត្តម ស្វាយ សំអ៊ាង ដែលចូលមកកាន់តំណែងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង  ត្រូវបន្តការងារខិតខំប្រឹងប្រែងធ្វើឲ្យខេត្តស្ទឹងត្រែង កាន់តែមានការរីកចម្រើនជាបន្តទៀត ។

 

 

ក្នុងនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយគោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវភាគតិចគោរពភាគច្រើន។

 

ដោយដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តាំផ្ញើឱ្យជម្រុញសមាជិក សមាជិការបស់បក្ស ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នកដែលគ្រប់អាយុ ដើម្បីឈានទៅរកភាពជោគជ័យទៅថ្ងៃខាងមុខ។


នឹងជំរុញដល់សមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានតាម ភូមិ ឃុំ ស្រុក ក្រុង ធ្វើយ៉ាងសហការសាមគ្គីគ្នាឱ្យបានល្អ រក្សាឱ្យបានសមាជិកចាស់ ហើយបន្តពង្រីកកំលាំងថ្មីឱ្យមានការគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជាកាន់តែច្រើន និងត្រូវរៀបចំផែនការសកម្មភាពដើម្បីសម្រេចឱ្យបាននូវគោលនយោបាយរបសគណបក្ស និងរាជរដ្ឋាភិបាល ជាពិសេសត្រូវដោះស្រាយសំណូមពរចាំបាច់ និងបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាតាមជំនាញ និងតួនាទីភារកិច្ចរបស់ខ្លួន ៕

 

 

អត្ថបទ និង រូបភាព៖ ឡន វណ្ណា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024