ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀន បានជាង ៤០០ករណី ចាប់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែកញ្ញា

២០ តុលា ២០២១ | ព័ត៌មានជាតិ

 

ក្នុង១ខែកញ្ញាកន្លងទៅនេះ សមត្ថកិច្ចកម្ពុជា បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសបានសរុបជាង ៤០០ករណី ក្នុងនោះជាប់ខ្លួនជនសង្ស័យជាង១ពាន់នាក់។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបង្ហោះព័ត៌មានជូនជនរួមជាតិលើបណ្ដាញសង្គម និងជំរុញឱ្យមន្រ្តីរួមទាំងពលរដ្ឋបន្តចូលរួមអនុវត្តទិសស្លោក ៣កុំ ១រាយការណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ 


ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្នុងខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន៥៣៩ករណី ធៀបនឹងខែសីហា ឆ្នាំ២០២១ មាន៤៤០ករណី កើនលើស៩៩ករណី ស្មើនឹង២២,៥ភាគរយ។  ព័ត៌មាននេះត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហោះលើផេកហ្វេសប៊ុកផ្លូវការដូចដែលធ្លាប់ជារៀងរាល់ខែ។

 

បើតាមសម្ដេច សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបចំនួនជាង២៦គីឡូក្រាម ធៀបនឹងខែសីហា ឆ្នាំ២០២១ មានជាង៥៧គីឡូក្រាម ថយចុះជាង៣១គីឡូក្រាម ស្មើនឹងជាង៥៤ភាគរយ។ គ្រឿងញៀនបង្ក្រាបបានរួមមាន មេតំហ្វេតាមីនក្រាមម្សៅ ជាង១៣គីឡូក្រាម មេតំហ្វេតាមីនគ្រាប់ជាង១៣១ក្រាម អ៊ិចស្តាស៊ីជាង៨គីឡូក្រាម កេតាមីនជាង១គីឡូក្រាម Nimetazepam ជាង១គីឡូក្រាម សាធាតុគីមីផ្សំជាង៤គីឡូក្រាម និងកញ្ឆាស្ងួតជាង៤គីឡូក្រាម។

 

ក្នុងចំណោមបទល្មើសគ្រឿងញៀននោះ មានករណីជួញដូរ រក្សាទុក៤៦៣ករណី ករណីប្រើប្រាស់៧៥ករណី ករណីសំយោគ កែច្នៃ១ករណី និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១០៣៩នាក់ ស្រី៧៣នាក់ ធៀបនឹងខែសីហា ឆ្នាំ២០២១ មាន៨៦១នាក់ កើនលើស១៧៨នាក់ ស្មើនឹង២០,៦ភាគរយ ក្នុងនោះជនស្ស័យជួញដូរ រក្សាទុក៨៣២ករណី ជនសង្ស័យប្រើប្រាស់គ្រឿងញៀន២០៥នាក់ ជនសង្ស័យសំយោគ កែច្នៃ២នាក់។ មានជនបរទេស៤១នាក់ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះដែរ។


សម្ដេចបានបន្តថា ក្នុងចំណោមបទល្មើសគ្រឿងញៀន៥៣៩ករណីនោះ ករណីគ្រឿងញៀនធំៗដែលមានប្រភពចរាចរណ៍ឆ្លងកាត់តាមច្រកព្រំដែនគោកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃើញ និងបង្ក្រាបបានចាប់ពី១គីឡូក្រាមឡើងទៅមានចំនួន៤ករណី ស្មើនឹង៤ក្រុម ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងរឹបអូសគ្រឿងញៀនសរុបបានជាង១៦គីឡូក្រាម និងសាធាតុគីមីផ្សំបានជង៤គីឡូក្រាម។


នៅក្នុងខែកញ្ញានោះដែរ សមត្ថកិច្ចក៏បានអនុវត្តវិធានការរដ្ឋបាលបានចំនួន១៣១លើក បានអញ្ជើញម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធមកស្ដាប់ការណែនាំចំនួន២៨លើក ស្មើនឹង៦៥៧នាក់ ចុះអប់រំម្ចាស់ទីតាំងអាជីវកម្មចំនួន១០៣លើក និង១គោលដៅ ចុះធ្វើតេស្តរកសាធាតុញៀនក្មេងទំនើង ជនមានតម្រុយប្រើប្រាស់គ្រឿងញៀន និងឆ្មក់ត្រួតពិនិត្យអ្នកបើកបររថយន្តដឹកទំនិញ ដឹកកម្មករ ដឹកអ្នកដំណើរ បុគ្គលិកកំសាន្ត កាស៊ីណូ សណ្ឋាគារ ខារ៉ាអូខេ សរុប៥០លើក ស្មើនឹង១៣៤នាក់ រកឃើញអ្នកផ្ទុកសាធាតុញៀន៤៨នាក់យកទៅទទួលសេវាបន្សាប និងព្យាបាល។


ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ សម្ដេចឧបនាយករដ្ឋមន្រ្តីបានសម្ដែនូវការកោតសរសើរ និងការលើកទឹកចិត្តខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ទាំងស៊ីវិល នគរបាល និងកងរាជអាវុធហត្ថ ដែលបានរួមសហការគ្នាយ៉ាល្អក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន។


ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ នៅក្នុងការថ្លែងសុន្ទកថាជាបន្តបន្តាប់ សម្ដេចក្រឡាហោមបានកត់សំគាល់ថាបញ្ហាគ្រឿងញៀននៅតែជាបញ្ហាអាទិភាពត្រូវដោះស្រាយដើម្បីសេចក្ដីសុខ សុវត្ថិភាព និងអនាគតកូនចៅប្រជាពលរដ្ឋ។ បើតាមសម្ដេចបញ្ហាកូវីដ-១៩គង់មានថ្ងៃបញ្ចប់នៅថ្ងៃណាមួយ ក៏ប៉ុន្តែបញ្ហាគ្រឿងញៀននេះនឹងនៅតែបន្តយាយីសង្គមប្រសិនបើមិនរួមគ្នាទប់ស្កាត់។

 


ថ្មីម្ដងទៀត សម្ដេចបានបន្តផ្ញើសារជូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសង្គម និងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូមចូលរួមគាំទ្រ និងអនុវត្តពាក្យស្លោកជាតិ ៣ការពារ ១រាយការណ៍ គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង  និងត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច៕

 

 

អត្ថបទ៖ រ៉េន រតនៈ  រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024