ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កម្ពុជា សម្រេចជ្រើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីហ្សាញស៊ិនជិន ទទួលសិទ្ធិរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

២០ តុលា ២០២១ | សេដ្ឋកិច្ច


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចជ្រើសរើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីហ្សាញស៊ិនជិនរបស់ប្រទេសចិន ធ្វើការរៀបចំផែនការមេសម្រាប់អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។


ការសម្រេចជ្រើសរើសយកវិទ្យាស្ថាននគរូបនីយកម្មនេះត្រូវបានចុះហត្ថលេខារួចហើយ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ នេះ រវាង ឯកឧត្តម ផាន ផល្លា រដ្ឋលេខាធិការ និងជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោក Sima Xiao ប្រធាន វិទ្យាស្ថាននគរូបនីយកម្ម និងឌីហ្សាញស៊ិនជិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូហ្សូម។


ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ផែនការមេនេះក៏នឹងជាផែនទីចង្អុលផ្លូវ សម្រាប់សម្របសម្រួលការអនុវត្តរាល់សកម្មភាពរវាង  ភាគី-ពាក់ព័ន្ធ រួមទាំង រដ្ឋ ឯកជន និង ដៃគូអភិវឌ្ឍន៍នានា ដោយឈរលើគោលដៅរួម និង ការទទួលខុសត្រូវច្បាស់លាស់ តាមរយៈការកំណត់ទិសដៅសម្រាប់ការកៀរគរ ទាក់ទាញ និងប្រមូលផ្តុំប្រភពធនធានសកម្មភាពធុរកិច្ច និងការវិនិយោគ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល ។


ជាការអះអាងរបស់ក្រសួងសេដ្ឋកិច្ច ការជ្រើសយកវិទ្យាស្ថាន វិទ្យាស្ថាននគរូបនីយកម្ម និងឌីហ្សាញស៊ិនជិនសម្រាប់ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺដោយសារវិទ្យាស្ថាននេះ មានបទពិសោធន៍ជាង ៣០ ឆ្នាំ និងបានរៀបចំប្រមាណ ៥ពាន់៨០០ គម្រោងនៅលើពិភពលោក ជាពិសេស ជាស្ថាប័នដឹកមុខក្នុងការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិន ។ 


ជាក្តីរំពឹងសង្ឃឹមថា វិទ្យាស្ថននេះនឹងប្រើប្រាស់នូវបទពិសោធន៍ទាំងនេះ ក្នុងការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឱ្យមានគុណភាពខ្ពស់ ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យ និង ទិសដៅអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងអាចអនុវត្តបាន ស្របទៅតាមបរិការណ៍នយោបាយ សេដ្ឋកិច្ច និង សង្គមកម្ពុជា ។


គួបញ្ជាក់ថា ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និង វែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ។


បណ្តាប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុ ជាតំបន់ដែលមានឧត្តមភាពខ្ពស់សម្រាប់ការអភិវឌ្ឍ ដោយសារខេត្តនេះមានភូមិសាស្ត្រនៅជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋាន និង តំបន់ឆ្នេរទេសចរណ៍ជាច្រើន។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ពោលគឺបានប្រែក្លាយពីខេត្តដែលស្ងៀមស្ងាត់ ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹក និងរស់រវើកក្នុងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ជាពិសេស ទៅជាតំបន់តភ្ជាប់ផលិតកម្ម និង ពាណិជ្ជកម្មក្នុងស្រុកយ៉ាងសំខាន់ ទៅនឹងបណ្ដាប្រទេសនានាក្នុងតំបន់ ។

 


សរុបជារួម ផែនការមេនេះ ក៏នឹងក្លាយជាផែនទីចង្អុលផ្លូវសម្រាប់ការវិនិយោគដ៏សម្បូរបែប នៅក្នុងខេត្តព្រះ-សីហនុ ដោយមានភ្ជាប់ផែនការសកម្មជាក់លាក់សម្រាប់ការអនុវត្ត ដែលឆ្លុះបញ្ចាំងច្បាស់ពីកាលានុវត្តភាពសម្រាប់ការវិនិយោគពហុវិស័យ ក្នុងបរិបទឧស្សាហកម្មជំនាន់ទី៤ រួមបញ្ចូលទាំងការវិនិយោគលើផ្នែកហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តមានគុណភាពខ្ពស់ វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យសេវាកម្មទេសចរណ៍ និងការរស់នៅប្រកបដោយសុខុមាលភាព ស្របទៅតាមទិសដៅការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។ ដូច្នេះ ទន្ទឹមនេះរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយគាំទ្រនានាតាមការចាំបាច់ ក្នុងការជំរុញការអនុវត្តបន្ទាប់ពីផែនការមេនេះត្រូវបានអនុម័ត៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024