ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ប្រទេសថៃ ប៉ងបើកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយ ឥណ្ឌា និងចិន

២០ តុលា ២០២១ | សេដ្ឋកិច្ច



សភាពាណិជ្ជកម្មថៃ បានលើកឡើងថា ប្រទេសថៃ គ្រោងនឹងចាប់ផ្តើមបើកការចរចាពាណិជ្ជកម្មសេរី ជាមួយនឹង ប្រទេសឥណ្ឌា និងប្រទេសចិន ដើម្បីទាក់ទាញវិនិយោគិន ដែលមានសក្តានុពលខ្ពស់។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន The Nation Thailand កាលពីពេលថ្មីៗនេះ។


លោក សាណាន់ ប្រធានសភាពាណិជ្ជកម្មថៃ និងជាប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃ បានមានប្រសាសន៍ថា ថៃ បាត់បង់ឱកាសសេដ្ឋកិច្ចជាច្រើនដោយសារតែផលប៉ះពាល់នៃវិបត្តិមេរោគកូវីដ១៩ បើសិនជាប្រៀបធៀបជាមួយនឹង បណ្តាប្រទេសក្នុងតំបន់ដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម ដែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងទាក់ទាញចំណាប់អារម្មណ៍ វិនិយោគិនបានជាច្រើន។


យ៉ាងណាក៏ដោយចុះ ថៃ ចាប់ផ្តើមដាក់គោលដៅទាក់ទាញវិនិយោគិនដែលមានសក្តានុពលខ្ពស់ មកពីប្រទេសចិន និងប្រទេសឥណ្ឌា ដែលជា ទីផ្សារយក្សៗនៅលើសកលលោក។


លោក សាណាន់ បន្តថា សភាពាណិជ្ជកម្ម បាននិងកំពុងសិក្សាអំពី ការទាក់ទាញការវិនិយោគពីប្រទេសចិន ក្រោមគម្រោងសម្របសម្រួលដែលមានឈ្មោះថា Team Thailand Plus China ហើយចំពោះការចរចាជាមួយប្រទេសឥណ្ឌាវិញ សភាពាណិជ្ជកម្មថៃ នឹងជជែកជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា ខណៈថៃ បន្តសំលឹងទៅរកទំនាក់ទំនងពាណិជ្ជកម្មជាមួយ អារ៉ាប់រួម បន្ថែមទៀត។


ប្រធានសភាពាណិជ្ជកម្មថៃ បានពន្យល់ថា ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដទៃ នឹងធ្វើឲ្យ ប្រទេសថៃ កាន់តែទាក់ទាញសម្រាប់វិនិយោគិនបរទេស ហើយបើមានដៃគូពាណិជ្ជកម្មកាន់តែច្រើន ថៃ នឹងទទួលបានប្រយោជន៍កាន់តែច្រើន។

 


ជាចុងក្រោយ តំណាងសភាពាណិជ្ជកម្មថៃ ក៏បានស្នើដល់ រាជរដ្ឋាភិបាលថៃ ឲ្យពន្លឿនសកម្មភាពចូលរួមនៅក្នុងកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រោះការពន្យារពេលកាន់តែយូរ នឹងធ្វើឲ្យថៃ បាត់បង់ឱកាសសេដ្ឋកិច្ច និងធ្លាក់ទៅលើ ប្រទេសវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024