ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មីយ៉ាន់ម៉ា ត្រៀមខ្លួនបើកប្រទេស ទទួលភ្ញៀវទេសចរបរទេស នៅដើមឆ្នាំ ២០២២

២០ តុលា ២០២១ | សេដ្ឋកិច្ច

 

ទោះបីជា ប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមនឹងបញ្ហានយោបាយធ្ងន់ធ្ងរក៏ដោយ មីយ៉ាន់ម៉ា កំពុងតែព្យាយាមបញ្ចប់នូវ នីតិវិធី សម្រាប់ការបើកទ្វារប្រទេស ទទួលភ្ញៀវទេសចរបរទេសឡើងវិញ នៅដើមឆ្នាំ ២០២២ខាងមុខ ដោយដាក់គោលដៅជាចំបង គឺភ្ញៀវទេសចរមកពី តំបន់អាស៊ីអាគ្នេយ៍ រួមមានទាំង កម្ពុជា ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 


លោក ឃីង អុង រដ្ឋមន្រ្តីសហភាពទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា បានបញ្ជាក់ថា ដោយសារតែករណីឆ្លងមេរោគកូវីដ១៩ថ្មី បានថយចុះជាបន្តបន្ទាប់ វាជម្រុញឲ្យមានការបញ្ចប់ ការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ហើយកាលពីពេលថ្មីៗនេះ នាថ្ងៃឈប់សម្រាក ក៏បានជម្រុញឲ្យ ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ធ្វើដំណើរកម្សាន្តក្នុងប្រទេសផងដែរ។


លោក បន្តថា មីយ៉ាន់ម៉ា កំពុងតែរៀបចំការងារពាក់ព័ន្ធ ដើម្បីបើកច្រកទ្វារទេសចរណ៍ជាមួយនឹង ប្រទេសថៃ ហើយក៏មានបំណងបើកច្រកជាមួយ ប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅត្រីមាសទី ១ ឆ្នាំ ២០២២ខាងមុខផងដែរ។


គោលបំណងនៃការបើកច្រកទទួលភ្ញៀវទេសចរបរទេស គឺដើម្បីឲ្យប្រជាជនថៃ អាចចូលមកកម្សាន្តនៅគោលដៅទេសចរណ៍ពេញនិយមរបស់មីយ៉ាន់ម៉ា ខណៈដែលប្រទេសថៃ កាលពីសប្តាហ៍មុន បានបង្ហាញផែនការក្នុងការទម្លាក់ចោលការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ចាប់ផ្តើមពីខែវិច្ឆិកា ខាងមុខនេះ ។


រដ្ឋមន្រ្តីសហភាពទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា បានបន្ថែមថា នៅក្នុងដំណាក់កាលទី ១ នៃការបើកទ្វារទទួលភ្ញៀវទេសចរបរទេសឡើងវិញ មីយ៉ាន់ម៉ា រំពឹងនឹងទទួលបានភ្ញៀវជាង ៣សែននាក់ បើទោះបីជា ៥០% នៃសណ្ឋាគារ និងផ្ទះសំណាក់ ក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្អាកដំណើរការក៏ដោយ ក៏នៅមានប្រមាណ ៩ម៉ឺនបន្ទប់អាចប្រើប្រាស់បាន។


បើតាមក្រុមប្រឹក្សាទេសចរណ៍ និងដំណើរកម្សាន្តពិភពលោក បានបង្ហាញថា វិស័យទេសចរណ៍ បានចូលរួមចំណែកប្រមាណ ៦% នៃផលិតផលក្នុងស្រុកសរុបរបស់ មីយ៉ាន់ម៉ា ក្នុងឆ្នាំ ២០១៩ មុនពេលវិបត្តិកូវីដ១៩ កើតមានឡើង។


យ៉ាងណាក៏ដោយ ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា អាចនឹងធ្លាក់ចុះដល់ទៅ ១៨% ដោយសារតែបញ្ហារដ្ឋប្រហារយោធា និងការផ្ទុះឡើងវិញនូវ មេរោគឆ្លងកូវីដ១៩ ទោះបីជា វិស័យទេសចរណ៍នៅមានសក្តានុពលក៏ដោយ វាត្រូវការពេលវេលាច្រើនឆ្នាំ ដើម្បីត្រលប់មករកសភាពដើមវិញ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024