ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មន្ត្រីធម្មការថា ទោះជាក្នុងសម័យកាលកូវីដ ក៏ព្រះសង្ឃ នៅតែចូលរួមការងារសង្គមយ៉ាងសកម្មដែរ

១៩ តុលា ២០២១ | ព័ត៌មានជាតិ

បើទោះបីជាកម្ពុជា ត្រូវបានរាតត្បាតញាំញីដោយជំងឺកូវីដ-១៩ ក៏ដោយ ក៏ព្រះសង្ឃ នៅរាជធានីភ្នំពេញ នៅតែចូលរួមការងារសង្គមយ៉ាងសកម្មដែរ ដូចជាជួយអប់រំផ្សព្វផ្សាយអំពីរបៀបការពារជំងឺកូវីដ-១៩ និងបរិច្ចាកគ្រឿងឧបភោគ បរិភោគ ដល់ប្រជាជនដែលជួបក្តីខ្វះខាត ដល់កាកបាទក្រហម ក៏ដូចជាដល់អាជ្ញាធរ មានអាជ្ញាធរខណ្ឌសង្កាត់ និងពេលមានគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ជាដើម ។ នេះគឺជាការលើកឡើងរបស់លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ នាឱកាសចូលរួមក្នុងពិធីប្រគេនប្រកាសនីយបត្រដល់មន្ត្រីសង្ឃ សាលាអនុគណខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះ ។

 

 

ជាការកត់សម្គាល់ ជារៀងរាល់ឆ្នាំ បន្ទាប់ពីពិធីបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ និង បុណ្យភ្ជុំបិណ្ឌ ជាដើមទៅ វត្តអារាមនានា តែងតែបិរច្ចាគទេយ្យទានដល់ ស្ថាប័នមនុស្សធម៌នានា ដូចជាកាកបាទក្រហម មណ្ឌលកុមារកំព្រា មន្ទីរពេទ្យ និង ពន្ធនាគារជាដើម ។ ដោយឡែកបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ នាឆ្នាំ២០២១ នេះ លោក ទេព គង្គា បានកត់សម្គាល់ថា មានវត្តតែប្រមាណជា ១០ ភាគរយប៉ុណ្ណោះ បើធៀបទៅនឹងបណ្តាឆ្នាំធម្មតា ដែលបានបរិច្ចាគទេយ្យទានអត្ថបបរិក្ខាដល់កាកបាទក្រហមជាដើម ។

 

 

ក៏គប្បីរំឭកផងដែរថា បច្ចុប្បន្ននេះ ក្នុងចំណោមវត្តទាំង ២៤ នៅក្នុងខណ្ឌដង្កោ មានវត្តយ៉ាងហោចណាស់ចំនួន ៥  ដែលកំពុងប្រឈមនឹងទឹកជំនន់ កៀកនឹងចូលដល់គ្រាអាសន្ន ហើយជាផ្នែកមួយ នៃ ការត្រៀបង្ការទឹកជំនន់នោះ សាលាអនុគណខណ្ឌដង្កោ ទទួលបានគ្រឿងឧបភោគ បរិភោគមួយចំនួនពីបណ្តាវត្តនានាដែលមិនប្រឈមនឹងទឹកជំនន់ និង មានលទ្ធភាព មានអង្គរ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវជាដើម ទៅតម្កល់ទុកនៅក្នុងសាលាអនុគណខណ្ឌបណ្តើរៗហើយ ហើយព្រះភិក្ខុ ចឹក ចុន ព្រះអនុគណខណ្ឌដង្កោ បានមានព្រះសង្ឃដីកាថា ទាំងសាលាអនុគណខណ្ឌដង្កោ ក៏ដូចជាព្រះសង្ឃដែលគង់នៅតាមបណ្តាវត្តទាំងឡាយ ដែលកំពុងប្រឈមនោះ បាន និង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពទឹក ហើយសាលាអនុគណខណ្ឌ នឹងធ្វើអន្តរាគមន៍ភ្លាម ប្រសិនបើមានវត្តណាមួយ ចូលដល់គ្រាអាសន្នទឹកជំនន់ ឬ មានបញ្ហាខ្វះចង្ហាន់ ។

 


ទោះយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានវត្តណាមួយក្នុងខណ្ឌដង្កោ មានបញ្ហាខ្វះចង្ហាន់នៅឡើយទេ ។ នេះបើតាមការអះអាងរបស់ព្រះភិក្ខុ ចឹក ចុន ។ ស្រដៀងគ្នានេះដែរ លោក ទេព គង្គា បានអះអាងក្នុងក្របខណ្ឌរាជធានីភ្នំពេញទាំងមូលថា មិនទាន់មានវត្តណាមួយមានបញ្ហាខ្វះចង្ហាន់នៅឡើយដែរ ហើយថាប្រសិនបើវត្តអារាម ឬ វិហារសាសនាណាមួយក៏ដោយ មានបញ្ហាចង្ហាន់ ឬ ស្បៀងអាហារនោះ សូមជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន មានសង្កាត់ និង ខណ្ឌជាដើម ឬ ជូនដំណឹងទៅមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញដោយផ្ទាល់តែម្តងក៏បាន ៕
 

 

 

អត្ថបទ៖ ខឿន សាឃាង​   រូបភាព៖ ឆិល សុភ័ស្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024