ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

នាវាចំបាំងកងទ័ពជើងទឹកអូស្ត្រាលី០១គ្រឿងដឹកសម្ភារៈវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីអូស្ត្រាលីជូនដល់កម្ពុជា បានចូលចតកំពង់ផែក្រុងព្រះសីហនុដោយសុវត្ថិភាព

១៨ តុលា ២០២១ | ព័ត៌មានជាតិ

 

នាវាចំបាំងកងទ័ពជើងទឹកអូស្ត្រាលី០១គ្រឿងដឹកនាំដោយលោក ឧត្តមនាវីត្រី Mal Wise មេបញ្ជាការនាវា ឥណ្ឌូ ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី បានចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ នាព្រឹកថ្ងៃ១៨តុលា២០២១ ដោយសុវត្ថិភាព  ដើម្បីបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា រយៈពេល៣ថ្ងៃ  ចាប់ពីថ្ងៃទី ១៨តុលា ដល់ ថ្ងៃទី២០តុលា២០២១ ក្នុងនយ័រឹតចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ កម្ពុជា និងអូស្ត្រាលី និងបាននាំយកនូវសម្ភារៈវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីអូស្ត្រាលីឧបត្ថម្ភដល់ប្រទេសកម្ពុជាផងដែរ។

 


ឯកឧត្តម ឧត្តមនាវីឯកអ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ព្រមទាំងមន្ត្រីកងយោធពលខេមរភូមិន្ទច្រើនរូបទៀត ក្នុងនោះក៍មានវត្តមាន លោក គង់ វិតាណៈអភិបាលរងខេត្តព្រះសីហនុក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត  បានអញ្ជើញទៅទទួលជំនួយនេះ ជាមួយភាគីអូស្ត្រាលីតំណាងដោយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅកំពង់ផែក្រុងព្រះសីហនុក្រោយនាវាចូលចត។

 

 

បើតាមមន្ត្រីកងទព័ជើងទឹកកម្ពុជាឲ្យដឹងថាជំនួយវេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ដែលប្រទេសអូស្ត្រាលីជូនដល់កម្ពុជានេះ នឹងផ្តល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ,អង្គភាពកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាម, យោធភូមិភាគទី៤ និងទី៥ កងទព័ជើងគោក នៃកងយោធពលខេមរភូមិន្ទ។

 


ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា អូស្ត្រាលី និងកម្ពុជា មានភាពជាដៃគូបន្តយូរអង្វែងមកហើយ ដូចគ្នានេះដែរ ទំនាក់ទំនងការពារជាតិរបស់យើងក៏មានមូលដ្ឋានយ៉ាងរឹងមាំផងដែរ និងថានេះជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៦ មក ដែលនាវាកងទ័ពជើងទឹកអូស្រ្តាលី បានចូលសំចតនៅកំពង់ផែនៅក្នុងប្រទេសកម្ពុជា និងថាដំណើរទស្សនកិច្ចនេះ បង្កើតបាននូវកិច្ចសហប្រតិបត្តិការបន្ថែមរវាងកងទ័ពជើងទឹកប្រទេសទាំង២ និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព និងសន្តិសុខស្ត្រី តាមរយៈសិក្ខាសាលាអនឡាញដែលនឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ។

 


ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មានប្រសាសន៍ថ្លែងអំណរគុណដល់ប្រទេស អូស្ត្រាលី ដែលបានផ្តល់ជំនួយសម្ភារៈវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ដល់ប្រទេសកម្ពុជាតាមរយៈដំណើរទស្សនកិច្ចរបស់នាវានេះ និងបានជម្រាបជូនប្រតិភូនាវា អំពីការខិតខំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ការអភិវឌ្ឍន៍ប្រទេសជាតិនិងការខិតខំគ្រប់សកម្មភាព ការពារសុខភាពប្រជាពលរដ្ឋកម្ពុជា ទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩៕

 

 

 

អត្ថបទ និងរូបភាព ហ៊ុយ ប៊ុនឡេង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024