ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

វ៉ាក់សាំងកូវីដផលិតក្នុងស្រុករបស់វៀតណាម អាចនឹងទទួលបានអាជ្ញាប័ណ្ណ ក្នុងឆ្នាំនេះ

១៨ តុលា ២០២១ | សេដ្ឋកិច្ច

 

ប្រទេសវៀតណាម បាននិងកំពុងព្យាយាមផលិតវ៉ាក់សាំងកូវីដ១៩ ក្នុងស្រុក តែពុំទាន់ទទួលបានអាជ្ញាប័ណ្ណដាក់ឲ្យប្រើប្រាស់នោះទេ យ៉ាងណាមិញតំណាងមកពីក្រសួងសុខាភិបាលវៀតណាម បានបង្ហើបឲ្យដឹងថា យ៉ាងហោចណាស់ មានវ៉ាក់សាំងកូវីដ១៩ មួយប្រភេទ ដែលផលិតក្នុងស្រុកវៀតណាម អាចនឹងទទួលបានអាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់ជាផ្លូវការ នៅមុនដំណាច់ឆ្នាំ ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម កាលពីពេលថ្មីៗនេះ។

 


នៅក្នុងកិច្ចប្រជុំស្តីពី ការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការប្រើប្រាស់សាកល្បង នៅក្នុងទីក្រុងហាណូយ កាលពីពេលថ្មីៗនេះ លោក ង្វៀន ង៉ុកក្វាង អនុប្រធាននាយកដ្ឋានវិទ្យាសាស្រ្តបច្ចេកវិទ្យា និងបណ្តុះបណ្តាល ស្ថិតក្រោមក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់អំពី ការផ្តល់អាជ្ញាប័ណ្ណដល់ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលផលិតក្នុងស្រុក អាចនឹងធ្វើឡើងមុនដំណាច់ឆ្នាំ ២០២១នេះ ដើម្បីយកមកប្រើប្រាស់ជាផ្លូវការ។


នៅក្នុងកិច្ចប្រជុំខាងលើនេះ អ្នកជំនាញ និងអ្នកវិទ្យាសាស្រ្ត បានសាទរចំពោះ សញ្ញាវិជ្ជមាននៃ ផែនការអភិវឌ្ឍន៍វ៉ាក់សាំងរបស់ប្រទេសវៀតណាមនេះ ហើយពួកគេក៏បានផ្តល់ជាយោបល់ទៅលើ យុទ្ធសាស្រ្តទិញ នាំចូល និងនាំចេញវ៉ាក់សាំងកូវីដ១៩ផងដែរ។អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ត្រាន វ៉ាន់ ធួន បានលើកឡើងថា ក្រៅពីការចរចាទិញវ៉ាក់សាំងពីបរទេស រដ្ឋាភិបាលវៀតណាម បានបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់អ្នកបង្កើតវ៉ាក់សាំងក្នុងស្រុក ពាក់ព័ន្ធទៅនឹង ការស្រាវជ្រាវវ៉ាក់សាំង ការផ្ទេរបច្ចេកវិទ្យា និងការធ្វើតេស្តសាកល្បង។


លោកបន្តថា វ៉ាក់សាំង Nano Covax ស្ថិតក្នុងដំណាក់កាលទី ៣ នៃការសាកល្បងប្រើប្រាស់ទៅលើមនុស្ស ដោយដំណាក់កាល ៣អេ (3A) ត្រូវបានបញ្ចប់ និងបានបញ្ជូលលទ្ធផលទៅកាន់ ក្រសួងសុខាភិបាល ដើម្បីវាយតម្លៃហើយ។ លទ្ធផលជាបឋម ក៏បានបង្ហាញថា វ៉ាក់សាំងនេះ បំពេញបានគ្រប់តម្រូវការសុវត្ថិភាព និងភាពស៊ាំ។
ទោះយ៉ាងណា ក្រុមប្រឹក្សាសម្រាប់ការចុះបញ្ជីនៃ ការធ្វើចរចាឱសថ និងសមាសធាតុឱសថ ពុំទាន់អនុម័តទៅលើលទ្ធផល ដែលបានបង្ហាញកាលពីដើមខែកញ្ញានេះ នៅឡើយទេ ដោយអះអាងថា ពួកគេ ត្រូវការទិន្នន័យវិទ្យាសាស្រ្តបន្ថែមទៀត ដើម្បីបង្ហាញថា វ៉ាក់សាំងថ្មីនេះ អាចនឹងមានប្រសិទ្ធភាពប្រឆាំងនឹង មេរោគកូវីដ១៩ ប្រភេទថ្មី ដូចជា ដែលតា អាល់ហ្វា និងប្រភេទដទៃទៀត។


ក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC ដែលជាក្រុមហ៊ុនបង្កើតវ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ ក៏ធ្លាប់បានដាក់សំណើទៅកាន់ នាយករដ្ឋមន្រ្តីវៀតណាម និងក្រសួងសុខាភិបាល ដើម្បីផ្តល់អាជ្ញាប័ណ្ណដល់ វ៉ាក់សាំង សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្នក្នុងប្រទេសវៀតណាម តែយ៉ាងណា ក្រសួងសុខាភិបាល បញ្ជាក់ថា ពួកគេត្រូវការពេលវេលា និងទិន្នន័យបន្ថែម ដើម្បីបញ្ជាក់ថា វ៉ាក់សាំងនេះ គឺមានសុវត្ថិភាព ១០០% និងមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគ។
សូមជម្រាបថា ក្រសួងសុខាភិបាលវៀតណាម ក៏បានសង្កត់ធ្ងន់ទៅលើ ការរៀបចំ និងត្រៀមខ្លួនឲ្យបានម៉ត់ចត់ ព្រោះបញ្ហាមេរោគកូវីដ១៩ នៅតែបន្តរហូត ដូច្នេះហើយ បើសិនជា ការផ្គត់ផ្គង់ឱសថ និងការបង្កើតវ៉ាក់សាំងក្នុងស្រុកសម្រេចទៅដោយជោគជ័យ វៀតណាម នឹងអាចរស់នៅជាមួយមេរោគកូវីដ១៩បាន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024