ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ប្រទេសថៃ គ្រោងនឹងបើកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយ បង់ក្លាដេស

១៨ តុលា ២០២១ | សេដ្ឋកិច្ច


រាជរដ្ឋាភិបាលថៃ បានបង្ហើបថា ថៃ គ្រោងនឹងបើកការចរចាពាណិជ្ជកម្មសេរី ជាមួយនឹង ប្រទេសបង់ក្លាដេស នៅក្នុងឆ្នាំ ២០២២ខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មតាមផ្លូវគោក និងផ្លូវទឹក។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។

 


លោកស្រី អ៊ូ រ៉ាម៉ុន អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ បានលើកឡើងថា ការចរចានេះ អាចនឹងកើតមានឡើងនៅ កិច្ចប្រជុំគណៈកម្មការពាណិជ្ជកម្មរួម នៅទីក្រុងដាកា ក្នុងឆ្នាំ ២០២២ខាងមុខ។


លោកស្រី បន្តថា ភាគីបង់ក្លាដេស បាននិងកំពុងបង្កើនល្បឿនលើការសិក្សាអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសថៃ  ហើយ ថៃ ក៏បានស្នើឲ្យ បង់ក្លាដេស បញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២១នេះ ដើម្បីអាចចាប់ផ្តើមចរចាក្នុងឆ្នាំ ២០២២តែម្តង។


នាយកដ្ឋានចរចាពាណិជ្ជកម្មថៃ បានពន្យល់ថា ប្រទេសថៃ ស្ថិតក្នុងគោលដៅភូមិសាស្រ្តល្អ សម្រាប់ប្រែក្លាយទៅជា មជ្ឈមណ្ឌលចែកចាយក្នុងតំបន់អាស៊ាន សម្រាប់ប្រទេសបង់ក្លាដេស ដោយមានតំណរភ្ជាប់ទៅកាន់បណ្តាប្រទេសក្នុងតំបន់ ទាំងផ្លូវគោក និងផ្លូវទឹក។


កាលពីខែមករា ឆ្នាំ ២០២០កន្លងទៅ ប្រទេសថៃ និងបង់ក្លាសដេស បានយល់ព្រមជាគោលការណ៍ ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយគ្រោងនឹងជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ២ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០២១នេះ តែយ៉ាងណា ដោយសារតែវិបត្តិមេរោគកូវីដ១៩ ទំនាក់ទំនងការងារ មានភាពរអាក់រអួលច្រើន។


នៅក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ សម្រេចបានជាង ៧៨០លានដុល្លារអាមេរិក កើនឡើង ៣០% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០២០ ដោយក្នុងនោះ ការនាំចេញទំនិញរបស់ថៃ មានទំហំជាង ៧៤០លានដុល្លារអាមេរិក ខណៈការនាំចូលទំនិញពី បង់ក្លាសដេស មកកាន់ប្រទេសថៃវិញ មានជិត ៤០លានដុល្លារអាមេរិកប៉ុណ្ណោះ។មុខទំនិញសំខាន់ៗ ដែលថៃ នាំចេញរួមមាន គ្រាប់ប្លាស្ទិក ប្រេងចម្រាញ់រួច ស៊ីម៉ងតិ៍ ក្រណាត់ និងសារធាតុគីមី។


សូមជម្រាបដែរថា មិនមែនត្រឹមតែទំនាក់ទំនងពាណិជ្ជកម្មនោះទេ ប្រទេសបង់ក្លាដេស ក៏ជាគោលដៅវិនិយោគដ៏គួរឲ្យចាប់អារម្មណ៍មួយ សម្រាប់ប្រទេសថៃផងដែរ ដោយការវិនិយោគរបស់ថៃផ្ទាល់ ទៅកាន់បង់ក្លាដេស មានជាង ១ពាន់ ៥រយលានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៩ ភាគច្រើននៅក្នុងវិស័យកសិកម្ម ឧស្សាហកម្មកសិដ្ឋានកែច្នៃ សំណង់ សណ្ឋាគារ និងសេវាកម្មពាក់ព័ន្ធជាច្រើនទៀត៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024