ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

វត្តអារាម នៅខណ្ឌដង្កោ កំពុងត្រៀមបង្ការទឹកជំនន់

១៥ តុលា ២០២១ | ព័ត៌មានជាតិ


វត្តអារាម នៅក្នុងខណ្ឌដង្កោ ជាតំបន់ ដែលប្រឈមនឹងទឹកជំនន់ជាងគេ ក្នុងរាជធានីភ្នំពេញ។ ពេលនេះ មិនទាន់ចូលដល់ដំណាក់កាលអាសន្ន ដោយសារទឹកជំនន់នៅឡើយទេ ប៉ុន្តែកៀកនឹងដល់ដំណាក់កាលអាសន្នហើយ។ អ្នកពាក់ព័ន្ធ បាន និងកំពុងប្រុងប្រៀប និងតាមដានយ៉ាងយកចិត្តទុកដាក់។ នេះបើតាមការឱ្យដឹងរបស់ព្រះអនុគណ ( អនុគុណ ) ខណ្ឌដង្កោ។ 


រហូតមកដល់ពេលនេះ វត្តអារាមទាំងឡាយ នៅក្នុងវត្តដង្កោ ជាពិសេសវត្តចំនួន ៥ ដែលមានទីតាំងប្រឈមនឹងទឹកជំនន់ជាងគេនោះ មិនទាន់ដល់គ្រាអាសន្នដោយសារទឹកជំនន់ទេ ប៉ុន្តែកៀកនឹងចូលដល់គ្រាអាសន្នហើយ ហើយប្រសិនបើកម្ពស់ទឹកឡើងត្រឹមតែប្រមាណជា ២ ទៅ ៣ តឹកទៀតនោះ វត្តទាំងនោះ នឹងចូលដល់គ្រាអាសន្នហើយ ។

 

ហេតុនេះទាំងសាលាអនុគណខណ្ឌ ក៏ដូចជាព្រះសង្ឃ នៅតាមបណ្តាវត្តនានាទាំងនោះ បាន និង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពទឹក ក្នុងគោលបំណងបញ្ចៀសនូវរាល់គ្រោះថ្នាក់ដល់អាយុជីវិត ក៏ដូចជាសម្ភារនានា គ្នុងករណីទឹកជំនន់បុកមកបន្ទាន់ ដូចឆ្នាំទៅម៉ិញ ។ នេះគឺជាការឱ្យដឹងរបស់ព្រះភិក្ខុ ចឹក ចុន ព្រះអនុគណខណ្ឌដង្កោ រាជធានីភ្នំពេញ មានព្រះសង្ឃដីកា ប្រាប់ PNN តាមទូរស័ព្ទ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នេះ ។


ព្រះអនុគណខណ្ឌដង្កោ ចឹក ចុន បានបន្ថែមថា រហូតមកដល់ពេលនេះ បណ្តាវត្តទាំងឡាយនៅក្នុងដណ្ឌដង្កោ ជាពិសេសវត្តដែលកំពុងប្រឈមនឹងទឹកជំនន់ទាំង ៥ នោះ មិនទាន់មានបញ្ហាចង្ហាន់នៅឡើយទេ គ្រាន់តែថាមិនសូវសម្បូរដូចបណ្តាឆ្នាំកាលមិនទាន់មានជំងឺកូវីដ-១៩។


ម្យ៉ាងទៀត ក្រៅតែពីការតាមដានស្ថានភាពទឹក និង ក្រើនរំឭកដល់វត្តទាំងឡាយ ឱ្យចាត់ចែងទុកដាក់របស់របរចាំបាច់នៅទីកន្លែងមានសុវត្ថិភាពទៅ សាលាអនុគណខណ្ឌដង្កោ ក៏បាន និង កំពុងប្រគេនដំណឹងដល់បណ្តាវត្តទាំងឡាយដែលមិនប្រឈមនឹងទឹកជំនន់ និង ដែលមានលទ្ធភាព ក៏សូមបរិច្ចាគធនធានបណ្តើរៗ តម្កល់ទុកនៅសាលាអនុគណខណ្ឌដង្កោ ជាការត្រៀមបម្រុងទុក ក្នុងករណីវត្តណាមួយមានបញ្ហាចង្ហាន់ ជាពិសេស វត្តណាមួយចូលដល់គ្រាអាសន្នទឹកជំនន់នោះ សាលាអនុគណខណ្ឌង្កោ នឹងចាត់ចែងអន្តរាគមន៍ភ្លាមៗ។

 


ជាការកត់សម្គាល់វត្តអារាមនៅក្នុងខណ្ឌដង្កោ គឺជាវត្តដែលងាយរងគ្រោះទឹកជំនន់ជាងគេ ក្នុងចំណោមខណ្ឌនានានៅរាជធានីភ្នំពេញ ពីព្រោះភូមិសាស្ត្រ នៃ ខណ្ឌមួយនេះ នៅចំមុខទឹក ខណៈវត្តខ្លះស្ថិតនៅតាមមាត់ស្ទឹង ហើយខ្លះទៀត ដូចជាវត្តចម្ការខ្សាច់ និង វត្តហារជាដើម នៅក្នុងតំបន់ទីទំនាប ដែលស្ទើរតែអាចនិយាយបានថាជាតំបន់ក្នុងបឹងទៅហើយ  ។ សូមជម្រាបជូនផងដែរថា បច្ចុប្បន្ននេះខណ្ឌដង្កោ មានវត្តចំនួន ២៤ វត្ត៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024